អាណិត រិន សាវ៉េត អន្ទះសាចង់ជួបកូននៅបារាំង តែមិនអាច បានត្រឹមតែមើលរូបថត
រហូតមកដល់ពេលនេះរយៈពេលបួនខែទៅហើយដែលតារាចម្រៀង រិន សាវ៉េត បានត្រឹមតែមើលរូបភាពភរិយា និង កូនប្រុសជាទីស្រឡាញ់តាមប្រព័ន្ធអេឡិចត្រូនិចប៉ុណ្ណោះដែលមើលទៅពិតជាកម្សត់ណាស់ ធ្វើឱ្យតារាចម្រៀងរូបនេះអន្ទះសាចង់ចេញទៅជួបភរិយា និង កូនប្រុសឆាប់ៗទៅតាមបំណង ។
ដោយសារតែមិនដែលបានជួបមុខកូនដោយផ្ទាល់ចាប់តាំងពីសម្រាលនោះ បានធ្វើឱ្យ រិន សាវ៉េត មានបំណងចេញទៅប្រទេសបារាំងភ្លាមៗ តែដោយសារកូវីដ ១៩ ទើបធ្វើឱ្យបំណងរបស់លោកត្រូវបរាជ័យ ប៉ុន្តែលោកអាចមើលមុខកូនប្រុសដែលមានឈ្មោះថា សាវ៉េត វង្សា បានត្រឹមតែរូបភាពប៉ុណ្ណោះ ។ អ្វីដែលចាប់អារម្មណ៍ដ្បិតភរិយា និង កូនប្រុសស្នាក់នៅប្រទេសបារាំងក៏ពិតមែន តែតារាចម្រៀងសម្បុរស្រអែមរូបនេះធ្លាប់ប្រាប់ថា លោកមិនចង់ទៅរស់នៅទីនោះឡើយ ចង់ត្រឹមតែចុះឡើងទៅលេងប៉ុណ្ណោះ ។ កន្លងមកលោក រិន សាវ៉េត ធ្លាប់អះអាងថា ខាងស្ថានទូតបារាំងមិនចង់ឱ្យលោកទៅលេងភរិយា និង កូនដោយសារតែមិនទុកចិត្តខ្លាចលោកទៅរស់នៅទីនោះ ។
មុនចាកចេញពីទ្រនំហង្សមាសលោក រិន សាវ៉េត ក៏បានចូលរួមថតរឿងភាគជាលើកដំបូងនៅទូរទស្សន៍ហង្សមាស ដែលមានចំណងជើងថា «ម៉ែក្មេកចេញពីក្នុងព្រះច័ន្ទ» ដោយក្នុងនោះលោកសម្តែងជាតួថៅកែ ។ ពេលនេះដែរបទចម្រៀងថ្មីរបស់លោកនៅក្នុងផលិតកម្ម BN ក៏បានចេញជាផ្លូវការ មានចំណងជើងថា «ទម្រាំបានជ័យ» ហើយគេមិនទាន់ប្រាកដថាការហក់ចូលទ្រនំថ្មីនេះ នឹងអាចជួយឱ្យប្រជាប្រិយភាពរបស់លោកលេចធ្លោឬបែបណាឡើយ ៕