កំពុងស្វីតសុខៗ អេននី ហ្សាម ស្រាប់តែបង្ហោះថា មិនដឹងស៊ូជាមួយគ្នាបានយូរប៉ុនណា
កាលពីពេលថ្មីនេះ មហាជនអ្នកគាំទ្របានដឹងមកហើយពាក់ព័ន្ធនឹងរឿងរ៉ាវឯកជនរបស់តារាចម្រៀងប្រចាំផលិតកម្មថោន អេននី ហ្សាម ដែលបានបែកបាក់ជាមួយនឹងមិត្តប្រុសក្រោយពីទាក់ទងគ្នារយៈពេល ៤ ឆ្នាំ ។ យ៉ាងណាមិញ ពេលនេះ អេននី ហ្សាម លែងសោកសៅនឹងស្នេហាចាស់ទៀតហើយ ដោយនាងកំពុងមានសេចក្តីសុខជាមួយនឹងគូស្នេហ៍ថ្មី ដែលជាមនុស្សស្រីដូចគ្នាវិញ ។
ក្នុងនោះដែរ ក្រោយពីបង្ហាញថាខ្លួនស្រឡាញ់គូស្នេហ៍ភេទដូចគ្នាជាសាធារណៈហើយ អេននី ហ្សាម ក៏ហាក់កាន់តែបង្ហាញរូបភាពផ្អែមល្ហែមកាន់តែច្រើនស្ទើររៀងរាល់ថ្ងៃឥតលាក់លៀមនោះទេ ។ លើសពីនេះ មើលទៅការរស់នៅរបស់គូស្នេហ៍ភេទដូចគ្នាមួយគូនេះហាក់កាន់តែស្អិតល្មួត ធ្វើឲ្យអ្នកស្រឡាញ់ភេទដូចគ្នាមួយចំនួនច្រណែនទៀតផង ។
គួរឲ្យដឹងថា បើតាមការដឹង អេននី ហ្សាម និង មិត្តស្រី មានទំនាក់ទំនងស្នេហាជាមួយគ្នានៅក្នុងកំឡុងដើមឆ្នាំ ២០២១ នេះ ពោលគឺមកដល់ពេលនេះរយៈពេលគឺមិនយូរខែប៉ុន្មាននោះឡើយ ប៉ុន្តែ អេននី ហ្សាម និង មិត្តស្រី ពិតជាស្រឡាញ់គ្នាខ្លាំង រហូតកាលពីពេលកន្លងមក តារាចម្រៀងខាងលើនេះ បានប្រកាសក្តែងៗថា នារីរូបនោះ គឺជាសង្សាពេញសិទ្ធិរបស់នាង ។ បន្ថែមពីនោះ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ អេននី ហ្សាម បានពោលពាក្យផ្អែមល្ហែមមួយទៀតហើយថា «មិនដឹងស៊ូជាមួយគ្នាបានយូរប៉ុនណា ដឹងត្រឹមពេលនេះមានអ្នកខ្ញុំមានក្តីសុខ» ៕