ទម្លាយស្ថានភាពជំងឺ នាង គន្ធា គួរឱ្យបារម្ភ ក្រោយធ្លាក់ខ្លួនឈឺដេកលើគ្រែពេទ្យ
កាលពីពេលថ្មីៗនេះដែរ ក្រោយពីបានឃើញរូបភាពរបស់តារាចម្រៀង នាង គន្ធា ដេកស្តូកស្តឹងនៅមន្ទីរពេទ្យបានធ្វើឲ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង បារម្ភពីសុខទុក្ខនាងយ៉ាងខ្លាំង ក៏ព្រោះតែមហាជនហាក់មិនទាន់បានដឹងច្បាស់ថា តើរូបភាពនោះគឺជាការសម្តែង ឬ នាង គន្ធា ពិតជាកំពុងមានជម្ងឺពិតមែន ។
យ៉ាងណាមិញ ចម្ងល់ខាងលើនេះដែរ លោក នាង ប្រាក់សុគន្ធ ត្រូវជាបងប្រុសរបស់ នាង គន្ធា ក៏បានបញ្ជាក់ថា ប្អូនស្រីរបស់លោកពិតជាកំពុងមានជំងឺសម្រាកនៅមន្ទីរពេទ្យពិតមែន ហើយពេលនេះក៏មិនទាន់ធូរស្រាលដែរ ។ លោក នាង ប្រាក់សុគន្ធ បានបន្ថែមទៀតថា នាង គន្ធា មានជំងឺរលាកផ្លូវដង្ហើម និង មេរោគក្នុងឈាម ។
ក្រោយពីព័ត៌មានខាងលើ បានលេចឮហើយនោះ មហាជនអ្នកគាំទ្រតារាចម្រៀងស្រីតូចល្អិតប្រចាំផលិតកម្មសាន់ដេរូបនេះ កាន់តែព្រួយបារម្ភ និង ផ្ញើសារជូនពរទៅកាន់នាងផងដែរ ។ ដោយឡែក បើក្រឡេកទៅសាមីខ្លួនឯនោះវិញ នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ នាង គន្ធា បានបង្ហោះសារអរគុណពីការព្រួយបារម្ភរបស់មហាជន ក៏ដូចជាការចែករំលែកព័ត៌មានពីសុខទុក្ខរបស់នាង ព្រមទាំងបានទម្លាយមូលហេតុដែលធ្វើឲ្យនាងមានឈឺធ្ងន់ដល់កម្រិតនេះ ។
នាង គន្ធា បានរៀបរាប់ថា ៖ «អរគុណបងបង សារព័ត៌មានក្នុងការចុះផ្សាយ អរគុណបងប្អូនទាំងអស់គ្នាដែល ព្រួយបារម្ភ អរគុណនូវ មតិរិះគន់ពីពណ៌សម្បុរ ។ ពេលនេះម៉ោង ៣ ជាងភ្លឺហើយ ខ្ញុំក្រោកជូតខ្លួន ជំងឺនេះធ្វើទុក្ខក្តៅខ្លាំងគឺពេលយប់ជ្រៅ ហើយវាចុកគ្រាប់ភ្នែក និង ឈឺក្បាលខ្លាំងណាស់ខ្ញុំមិនដែលជួបទេ នេះក៏ប្រហែលខ្ញុំធ្វើការពេលយប់ច្រើនមិនបានគេង មិនបានញុំាបាយទឹកគ្រប់គ្រាន់ផង ។ សូមកុំឱ្យមានអ្នកណាកើតជំងឺអាក្រក់នេះដូចខ្ញុំ» ៕