អឹស! ឌី សូនិត្តា ទម្លាយចរិត អេឡិច ហ្សូរ៉ា ខ្ទេចគ្មានចន្លោះ ក្រោយសម្រាលកូនបាន ៤ ខែ
រយៈពេលប្រមាណជា ៤ ខែមកហើយ ដែលតារាសម្តែង ឌី សូនិត្តា និង លោក អេឡិច ហ្សូរ៉ា ទទួលបានកូនស្រីជាចំណងដៃស្នេហ៍របស់អ្នកទាំងពីរ ។ ក្នុងនោះ ទោះជាតារាទាំង ២ រូប ហាក់មិនទាន់សម្រេចចិត្ត និង ប្រកាសរៀបចំកម្មវិធីមង្គលការក៏ពិតមែន ប៉ុន្តែជីវិតគូរបស់អ្នកទាំងពីរកាន់តែមានសុភមង្គលរៀងរាល់ថ្ងៃ ។ លើសពីនោះទៀត បើក្រឡេកទៅមើលមុខរបរទាំងក្រៅសិល្បៈ និង ក្នុងសិល្បៈ ប៉ាម៉ាក់ របស់អូន Smile ទាំង ២ រូបនេះ ក៏កាន់តែមមាញឹក និង ជោគជ័យថែមទៀតផង ។
មហាជនអ្នកគាំទ្របានឃើញមកហើយថា លោក អេឡិច ហ្សូរ៉ា ហាក់នៅក្បែរភរិយាគ្រប់ពេលវេលា រហូតពេល ឌី សូនិត្តា ចេញទៅសំអាងការម្តងៗក៏លោកទៅតាមមើលថែភរិយាគ្រប់ពេលតែម្តង តែស្រាប់តែនៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ឌី សូនិត្តា បានរៀបរាប់ចរិត និង រឿងរ៉ាវរបស់ស្វាមីខ្ទេចគ្មានសល់ ។
ឌី សូនិត្តា បានរៀបរាប់ចំនុចល្អ និង សរសើរស្វាមីចំៗថា «កុំសួរថាខ្ញុំកំពុងគិតអីបងប្អូន ព្រោះខ្ញុំក៏មិនដឹងដូចគ្នា! អរគុណកាមេរ៉ាមេន ដែលបានចាប់យករូបភាពមួយនេះយ៉ាងមានអត្ថន័យ ។ សំណាបយោងដីស្រីយោងប្រុស ! អរគុណបង ដែលមិនលែងដៃខ្ញុំ ទោះខ្ញុំកាចតិចមែន ឆេវឆាវតិចមែន ខឹងច្រើនតិចមែន តែបងក៏ទទួលបានគ្រប់យ៉ាងហើយស្គាល់ និង យល់ពីខ្ញុំច្បាស់។ ធាតុពិតទៅពួកយើង មិនសូវចេះផ្អែមល្ហែមតិចមែន មិនដែលឈ្លោះគ្នាមែន មិនសូវមានពេលឱ្យគ្នាមែន តែពួកយើងក៏មិនដែលចោលគ្នា មិនដែលបោះបង់គ្នា បង តែងតែនៅពីក្រោយខ្ញុំ មិនថាពេលទុក្ខពេលរីករាយ ពេលមានបញ្ហា បងជាមនុស្សទី ១ ដែលខ្ញុំចែករំលែក គ្រប់យ៉ាងនៃខ្ញុំ បងសឹងតែជា ឌី សូនិត្តា ទី ២ ។ ទោះបីមានគេចាក់រុក ឬ ក៏និយាយអ្វីមិនល្អមកលើពួកយើង ក៏ពួកយើងបានត្រឹមតែញញឹមហើយយកមកប្រាប់គ្នាទាំងអស់សំណើចក៏មាន ពេលខ្លះបើគិតឱ្យសព្វទៅ ពួកយើងសឹងតែ ដូចមិត្ត ដូចបងប្អូន ដូចឪពុកម្តាយ ដូចមនុស្សជាច្រើននៅក្នុងខ្លួនពួកយើង ! មនុស្សដែលយល់ចិត្តគ្នាបំផុត អរគុណណាស់ពូ ដែលចូលមកក្នុងជីវិតខ្ញុំ» ៕