ម៉ា ច័ន្ទបញ្ញា មានដៃគូមើលថ្ងៃលិចរួមគ្នាដំបូង ក្រោយបែក អ៊ីង អ៊ីង បីឆ្នាំ
ថ្មីៗនេះតារាចម្រៀង ម៉ា ច័ន្ទបញ្ញា បានធ្វើឱ្យហ្វេនៗមានការសាទរជាខ្លាំង ក្រោយពីបានឃើញតារាចម្រៀង Original Song រូបនេះបានប្រកាសថាជាឆ្នាំនេះជាឆ្នាំដំបូងដែលលោកមានអ្នកមើលថ្ងៃលិចរួមគ្នានៅក្នុងថ្ងៃនៃក្តីស្រឡាញ់ ១៤ កុម្ភៈកន្លងមក ដែលការលើកឡើងរបស់តារាចម្រៀងវ័យក្មេងរូបនេះហាក់ចង់បញ្ជាក់ថាពេល នេះលោកមានអ្នកស្អំបេះដូងហើយ ។
បើគិតមកដល់ពេលនេះប្រមាណជាបីឆ្នាំហើយដែលតារាចម្រៀង ម៉ា ច័ន្ទបញ្ញា បានចែកផ្លូវជាមួយតារាសម្តែងរូបស្រស់ អ៊ីង អ៊ីង ក្រោយពីពួកគេបានស្រឡាញ់គ្នាមួយរយៈពេល ហើយអ្វីដែលកត់សម្គាល់ថ្មីៗនេះតារាចម្រៀងរូបសង្ហា ម៉ា ច័ន្ទបញ្ញា បានបង្ហាញរូបភាពជាមួយនារីម្នាក់ជាមួយនឹងការលើកឡើងថា «ឆ្នាំហ្នឹងជាឆ្នាំទីមួយ មានតែនាំមេីលថ្ងៃលិចទេរីករាយទិវាថ្ងៃនៃក្ដីស្រឡាញ់» ។
ដ្បិត ម៉ា ច័ន្ទបញ្ញា មិនបានបង្ហាញអត្តសញ្ញាណនារីរូបនោះក៏ពិតមែន តែបើតាមប្រភពដែលស្និទ្ធតារាចម្រៀងរូបនេះបានបង្ហើបថានារីម្នាក់នេះជាគូស្នេហ៍របស់លោកហើយនាងក៏មិនមែនជាអ្នកសិល្បៈដែរ ពួកគេភ្ជាប់ទំនាក់ទំនងមួយរយៈហើយគ្រាន់តែលើកនេះ ម៉ា ច័ន្ទបញ្ញា មិនចង់ទម្លាយជាសាធារណៈដូចមុន ។
ម៉ា ច័ន្ទបញ្ញា ត្រូវបានគេចាត់ទុកជាតារាចម្រៀងវ័យក្មេងដែលមានមានសមត្ថភាពខ្ពស់មិនធម្មតា ដោយក្រៅពីច្រៀង លោកក៏ចេះនិពន្ធបទចម្រៀងថែមទៀត ហើយ បើទោះបី ម៉ា ច័ន្ទបញ្ញា និយមលេងស្ទីលបែបយុវវ័យក៏ពិតមែន តែលោកអាចច្រៀងបទពីសម័យដើមបានយ៉ាងពីរោះថែមទៀត ដែលកន្លងមកលោកក៏ធ្លាប់ចូលរួមប្រឡងចម្រៀងនៅក្នុងកម្មវិធីធំមួយនៅទូរទស្សន៍ហង្សមាស តែគួរឱ្យស្តាយលោកមិនបានទទួលជ័យលាភីឡើយ ៕