ថ្ងៃកំណើតគួររីករាយ តែ វី យ៉ារ៉ូ បែរជាបង្ហោះសារសោកសៅនេះវិញ
មហាជនអ្នកគាំទ្រពិធីករវ័យក្មេងរូបសង្ហា វី យ៉ារ៉ូ ដែលនិយមតាមដានសកម្មភាពរបស់លោកនៅលើបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាបានដឹងហើយថាកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ គឺជាថ្ងៃកំណើតរបស់លោក ។
ក្នុងនោះដែរ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានសង្កេតឃើញថា នៅក្នុងខួបកំណើតឆ្នាំនេះរបស់ វី យ៉ារ៉ូ មិនខុសប្លែកពីឆ្នាំមុនៗនោះទេ ព្រោះលោកទទួលបានការជូនពរ និង ទិញនំខេកពញ្ញាក់អារម្មណ៍ពីសំណាក់មិត្តភក្តិ បងប្អូន និង អ្នកគាំទ្រយ៉ាងច្រើនផងដែរ ។
យ៉ាងណាមិញ ទន្ទឹមនឹងការទទួលបានការរៀបចំកម្មវិធីខួបកំណើតពីសំណាក់ជុំវិញខ្លួនក៏ពិតមែន ប៉ុន្តែម្ចាស់សាមីខ្លួន លោក វី យ៉ារ៉ូ ហាក់បង្ហាញអារម្មណ៍មិនរីករាយព្រោះរឿងរ៉ាវមួយចំនួនដែលលោកកំពុងតែជួបប្រទះ រហូតដល់ប្រើពាក្យមួយឃ្លាធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានចម្ងល់ និង បារម្ភពីលោកយ៉ាងខ្លាំង ។
រូបភាពនំខេកតូចមួយអមនឹងសារ លោក វី យ៉ារ៉ូ បានរៀបរាប់ថា «ទានគ្មានពន្លឺ !!!!!! សួរថាមានអារម្មណ៍ម៉េច? អារម្មណ៍ម៉េចក៏ខ្ញុំមិនទទួលដែរ ព្រោះខ្ញុំបានប្រាប់ខ្លួនឯងហើយថា ខ្ញុំនឹងឆ្លងថ្ងៃខួបកំណើតខ្ញុំដោយសប្បាយចិត្ត ទោះបីមានរឿងអ្វីកើតឡើងក៏ដោយ អរគុណខ្លួនឯងដែលរឹងមាំដល់ថ្នាក់នេះ» ។
ទោះជាមិនបានបញ្ជាក់ពីកង្វល់របស់ខ្លួនឲ្យច្បាស់ក៏ពិតមែន តែសារនោះដែរ បានធ្វើឱ្យមហាជនអ្នកគាំទ្រពិធីករមានប្រជាប្រិយភាពរូបនេះ បញ្ចេញមតិលើកទឹកចិត្ត និង ជូនពរលោកយ៉ាងពិសេសសម្រាប់ថ្ងៃកំណើតឆ្នាំ ២០២១ នេះ ៕