កៀកដល់ថ្ងៃសម្រាល សុផា លីនដា ត្រៀមឈ្មោះយ៉ាងពីរោះសម្រាប់កូនដំបូង
ថ្មីៗនេះ តារាសម្តែង និងម៉ូដែល សុផា លីនដា បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ក្រោយពីស្ងាត់ៗ នាងបានបង្ហាញផ្ទៃពោះខ្ទាតធំទៅហើយ ខណៈទើបភ្ជាប់ពាក្យប្រមាណជាងកន្លះឆ្នាំប៉ុណ្ណោះ។ អ្វីដែលចាប់អារម្មណ៍ ខណៈមិនទាន់ឃើញមុខកូនក្នុងផ្ទៃ សុផា លីនដា បានត្រៀមឈ្មោះយ៉ាងពីរោះសម្រាប់កូនជាទីស្រឡាញ់ផងដែរ ។
គេចំាបានថា សុផា លីនដា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយកន្លង់ដែលរស់នៅសហរដ្ឋអាមេរិកកាលពី ថ្ងៃទី ០៦ កញ្ញា ឆ្នាំ ២០២០ កន្លងទៅ ក្រោយពីពួកគេបានស្វែងយល់ចិត្តថ្លើមគ្នាប្រមាណតែបីខែប៉ុណ្ណោះ។ បើទោះការស្វែងយល់ចិត្តថ្លើមគ្នារយៈពេលខ្លីក៏ពិតមែន តែតារាស្រីរូបនេះហាក់មានភាពទុកចិត្តជាខ្លាំង ដោយនាងថែមទាំងសម្រេចចិត្តបោះទុនបង្កើតជំនួញរួមគ្នា ជាមួយគូដណ្តឹងថែមទៀត។
មិនតែប៉ុណ្ណោះ ពេលនេះ សុផា លីនដា ក៏បានត្រៀមខ្លួនទទួលសមាជិកថ្មី ដែលនឹងត្រូវសម្រាលនៅរយៈពេលជាងមួយខែខាងមុខនេះទៀតផង។ យ៉ាងណាមិញ កូនក្នុងផ្ទៃរបស់ សុផា លីនដា ត្រូវបានគេដឹងថា ជាកូនស្រី ដោយនាងបានដាក់ឈ្មោះយ៉ាងពីរោះថា សាលីណា ដែលស្រដៀងនឹងឈ្មោះនាងតែម្តង។
គេមិនដឹងច្បាស់ថា ក្រោយសម្រាលកូនរួច សុផា លីនដា នឹងនៅតែមានគម្រោងដឹកដៃស្វាមីរៀបមង្គលការ ឬ យ៉ាងណានៅឡើយ៕