ចាបចៀន ប្រកាសជូនសំណង ៧០០ ដុល្លារបន្ថែម ដល់ក្មេងប្រុសរងគ្រោះ
កាលពីព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ តារាកំប្លែងនាយ ចាបចៀន បានបង្ហោះសារមួយចូលបណ្តាញសង្គម ដោយបានប្រកាសស្វែងរកក្មេងប្រុសម្នាក់ ដើម្បីចូលរួមដោះស្រាយ បន្ទាប់ពីខ្លួនបានជិះរថយន្តប៉ះបង្កជារបួសស្នាម កាលពីយប់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ។
ក្នុងនោះដែរ កាលពីយប់ថ្ងៃកើតហេតុ ១៣ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ តារាកំប្លែងនាយ ចាបចៀន ដែលបានបើកបររថយន្ត Lexus ពណ៌ស បុកនឹងរទេះរ៉ឺម៉កដឹកអេតចាយមួយខ្ទាតទៅដល់ចញ្ចើមផ្លូវ និង បណ្តាលឱ្យបុរសម្នាក់របួសស្មាភ្លាមនោះ តារាកំប្លែងរូបនេះក៏បានចេញសងការខូចខាតជាទឹកប្រាក់ ១០០ ដុល្លារ ដល់ជនរងគ្រោះ និង សន្យារ៉ាប់រងលើការព្យាបាល និង ខូចខាតទាំងឡាយទៀតផង ។
យ៉ាងណាមិញ មកដល់រសៀលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បើតាមការឲ្យដឹងពីផេកសិល្បករកម្ពុជា ដោយមានលោក អ៊ឹម ជីវ៉ា ជាអ្នកគ្រប់គ្រងនោះបានឲ្យដឹងថា នាយ ចាបចៀន បានប្រកាសជូនសំណងដល់យុវជនរងគ្រោះនោះចំនួន ៧០០ ដុល្លារបន្ថែម ។ សារពេញលេញបង្ហោះលើផេកខាងលើនេះ បានរៀបរាប់ថា «តារាកំប្លែង នាយ ចាប ចៀន ចេញមុខបកស្រាយ និង ប្រកាសសងសំណងចំនួន ៧00 $ ដល់ម៉ូតូរ៉ឺម៉ក» ៕