បងប្អូនប្រុសបង្កើតមកពីគ្រួសារអភិជន ២ រូប ឆក់បេះដូងបានសុទ្ធតែកំពូលតារាស្រី
ដូចប្រិយមិត្តបានជ្រាបហើយថា បងប្អូនប្រុស ២ នាក់របស់ត្រកូលអភិជន Phornprapha គឺសុទ្ធតែកំពុងប្រទាក់ស្នេហ៍ជាមួយកំពូលតារាស្រីល្បី ២ រូបប្រចាំប្រទេសថៃ ដែលលោក Pok ត្រូវបានគេស្គាល់ជាសង្សារសំណព្វចិត្តរបស់កំពូលតារាសម្ដែងស្រីជួរមុខនាង Aum Patchrapa ចំណែកលោក Pranai ដែលជាប្អូនប្រុស ក៏កំពុងចាប់ចិត្តប្រតិព័ទ្ធជាមួយនឹងតារាសម្ដែង Taew Natapohn ។
នៅក្នុងទិវានៃក្ដីស្រឡាញ់ ១៤ កុម្ភៈ ម្សិលមិញនេះ បងប្អូនប្រុសមកពីត្រកូលអ្នកមានទ្រព្យស្ដុកស្ដម្ភខាងលើ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីកំលោះសង្ហាទាំងពីរ បានធ្វើឱ្យសង្សារបណ្ដូលចិត្ត ញញឹមញញែមមានក្ដីសុខបំផុត ជាមួយនឹងការជូនកាដូ ក៏ដូចជាផ្កាកុលាបបាច់ធំៗតំណាងឱ្យក្ដីស្រឡាញ់របស់ពួកគេទៅកាន់មិត្តស្រី ។
លើសពីនេះ បងប្អូនប្រុសទាំងពីររបស់ត្រកូលអភិជនខាងលើ ក៏បានណាត់មិត្តស្រីរៀងខ្លួនទៅកន្លែងភោជនីយដ្ឋានទំនើបថ្លៃៗ បង្ហាញពីជីវិតកាលីបហាយសូរអស់ទាស់ ។ ក្នុងនោះ Aum និង Taew ក៏បានបង្ហោះរូបថតគូៗជាមួយមិត្តប្រុសនៅលើគណនីអ៊ីនស្ត្រាក្រាមផ្ទាល់ខ្លួន ព្រមទាំងកាន់កាដូ បាច់ផ្កាបង្ហាញពីក្ដីសុខក្នុងទឹកមុខញញឹមពេញចិត្តខ្លាំងបំផុត ៕