តាំងពីលើកពានមក តារាចម្រៀង ៥ រូបនេះ ល្បីបានមួយភ្លែតក៏ស្ងាត់ឈឹង អ្នកគាំទ្រសឹងភ្លេចមុខ
ក្រោយពីបានក្លាយជាម្ចាស់ពាននៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក ដូចជាកម្មវិធី The Voice Cambodia និង Cambodia Idol មក គេកត់សម្គាល់ឃើញម្ចាស់ជ័យលាភី ៥ ដួងនេះ ហាក់ស្ទុះតែមួយស្របក់ដំបូងប៉ុណ្ណោះ ផុតពីនោះក៏ស្រាប់តែស្ងាត់ប្រជាប្រិយភាពឈឹង សឹងតែបាត់មុខពីសង្គមសិល្បៈ ។ ម្ចាស់ពានទាំង ៥ នាក់នោះរួមមាន ៖
១. ប៊ុត សីហា
ម្ចាស់ជ័យលាភីនៅក្នុងកម្មវិធីប្រឡងចម្រៀង The Vice Cambodia រដូវកាលទី ១ ប៊ុត សីហា ក្រោយក្លាយជាម្ចាស់ពានរួចហើយ គេង្កេតឃើញថាកេរ្ដិ៍ឈ្មោះរបស់លោកមានភាពល្បីល្បាញសុសសាយពេញប្រទេស ហើយបទចម្រៀងផ្ទុះការគាំទ្រយ៉ាងខ្លាំងមានបទ «សមមុខហើយយំស្ដាយក្រោយ» «ព្រមឱ្យបោក ព្រមថោក ព្រមស្រឡាញ់» និង បទល្បីៗជាច្រើនទៀត ។ យ៉ាងណាមិញ ក្រោយកំពុងមានឈ្មោះល្បី ស្រាប់តែម្ចាស់ពានរូបនេះបានជួបប្រទះរឿងអាស្រូវជាច្រើន រួចហើយក៏ធ្លាក់ប្រជាប្រិយភាព និង ស្ងប់ស្ងាត់ឈឹងពីសិល្បៈ រហូតមកដល់ពេលនេះ ។
២. ធែល ថៃ
ងាកមក ធែល ថៃ ម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី ២ វិញ ក្រោយពីបានទទួលពានភ្លាម កេរ្ដិ៍ឈ្មោះរបស់លោកក៏ហាក់ស្ទុះល្បីល្បាញមួយវឹងធំដែរ ដោយម្ចាស់ពានរូបនេះបានចេញជាបទម្រៀងល្បីៗជាច្រើននៅក្នុងផលិតកម្ម រស្មីហង្សមាស មានដូចជា បទ «ចង់ទៅ ទៅៗ» ជាដើម ប៉ុន្តែក្រោយពីបានសាងកេរ្ដិ៍ឈ្មោះឱ្យល្បីល្បាញមួយរយៈមក ពេលនេះដែរ ម្ចាស់ពានរដូវកាលទី ២ រូបនេះ ក៏មានភាពស្ងាប់ស្ងាត់គួរកត់សម្គាល់ ឯប្រជាប្រិយភាពក៏នៅទ្រឹង បើទោះជាលោកបានលេចមុខថតរឿងភាគក្នុងទូរទស្សន៍ហង្សមាសក្តី ។
៣. គ្រី ថៃពៅ
បើនិយាយពីម្ចាស់ពានក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៣ គ្រី ថៃពៅ ឯណេះវិញ ក្រោយពីជាប់ឈ្មោះជាម្ចាស់ពានរួចហើយ តារាប្រុសរូបនេះក៏បានចេញជាចម្រៀងជាហូរហែដែរ តែមិនសូវជាទទួលបានគាំទ្រពីសំណាក់មហាជននោះទេ យ៉ាងណាក៏តារាប្រុសរូបនេះនៅតែបន្តចេញជាបទពីរោះៗជាបន្តបន្ទាប់ដើម្បីប្រមូលប្រជាប្រិយភាព ដូចជាបទ «ស្រឡាញ់អូនដល់បេះដូងលែងលោត» និង បទ «ស្រឡាញ់គេហើយមែនទេ» ជាដើម ។ អ្វីដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍នោះ មកដល់ពេលនេះ គ្រី ថៃពៅ ហាក់មានការស្ងប់ស្ងាត់ពីសិល្បៈប្លែក មិនសូវបង្ហាញវត្តមាន និង ចេញបទថ្មីៗទៀតឡើយ ធ្វើឱ្យអ្នកគាំទ្រស្ទើរតែភ្លេចមុខតារាប្រុសនេះបាត់ទៅហើយ ។
៤. យឿន ពិសី
ចំពោះម្ចាស់ពាន Cambodia’s Got Talent យឿន ពិសី វិញ សឹងតែគ្មានមុខទេក្នុងសង្គមសិល្បៈ បន្ទាប់ពីទទួលបានពាននេះរួច ។ កន្លងមក យឿន ពិសី ធ្លាប់បានចេញបទចម្រៀងវាយបំបែកភាពស្ងប់ស្ងាត់ផងដែរ ដូចជាបទ «ទន្សាយកំព្រា» ជាដើម ប៉ុន្តែនៅតែគាំង ។ មកដល់ពេលនេះ យឿន ពិសី ហាក់មានការស្ងប់ស្ងាត់ប្លែកពីសិល្បៈ មិនដូចម្ចាស់ពានខាងលើដែលម្តងហាក់អណ្តែត ម្តងហាក់លិចនោះទេ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ អ្នកគាំទ្របែរជាឃើញលោកងាកទៅសាងសុភមង្គលគ្រួសារវិញ និង ពេលនេះបានក្លាយជាឪពុកគេបាត់ទៅហើយ ក្រោយពីស្ងាត់ឈឹងពីសិល្បៈនោះ ។
៥. ពេជ្រ ថៃ
តារាចម្រៀងវ័យក្មេង ដែលបានឈ្នះពាននៅក្នុងកម្មវិធី The Voice Kid Cambodia រដូវកាលទី ១ ពេជ្រ ថៃ ទោះបីជាមានវ័យនៅតិចក្ដី តែមានសមត្ថភាពនៅក្នុងការច្រៀងមិនធម្មតាទេ ។ តារាចម្រៀងដែលពូកែខាងកំប្លែងស្ងួតរូបនេះ ក៏ហាក់ស្ទុះតែមួយប្រាវដែរ ។ មកទល់ពេលនេះដែរ ម្ចាស់ពានវ័យក្មេងរូបនេះហាក់ធ្លាក់ប្រជាប្រិយភាព និង ស្ងប់ស្ងាត់ពីសិល្បៈបន្តិចទៅហើយ ដោយពុំសូវបង្ហាញវត្តមានជាញឹកញាប់នៅក្នុងការប្រគំតន្ត្រីនានាដូចកាលពីមុននោះទេ ៕