មួយឃ្លា ពេជ្រ សោភា ផ្ញើជាពិសេសទៅ ឆឹម សក្កដា អានហើយឡើងជាតិស្ករ
រយៈពេលប្រមាណជាជិត ៤ ឆ្នាំមកហើយ ដែលតារាចម្រៀងរបស់ផលិកម្មហង្សមាស អ្នកនាង ពេជ្រ សោភា និង តារាសម្តែង ឆឹម សក្កដា បានប្រកាសជាសាធារណៈពីទំនាក់ទំនងស្នេហ៍របស់អ្នកទាំង ២ ។
ក្នុងនោះតារាទាំង ២ រូបនេះ ក៏តែងតែបង្ហាញភាពផ្អែមល្ហែមជារឿយៗ រហូតធ្វើឲ្យមហាជនអ្នកគាំទ្រទន្ទឹងរង់ចាំថា «តើថ្ងៃណាតារាមួយគូនេះ ដឹកដៃគ្នាចូលរោងជ័យ?» ។
យ៉ាងណាមិញ ទោះជាធ្លាប់បង្ហោះរូបភាព និង ពាក្យផ្អែមល្ហែមទាំងខាងស្រី និង ខាងប្រុសក្តី តែលើកនេះអ្នកនាង ពេជ្រ សោភា បានបង្ហោះពាក្យមួយឃ្លាធ្វើឲ្យមហាជនអ្នកគាំទ្រឡើងជាតិស្ករតាមគូនេះមិនតិចទេ ដោយអ្នកនាងបានសរសេរថា «ម្នាក់ហ្នឹងខឹងខ្ញុំហើយ ថាខ្ញុំរវល់រហូតអត់មានពេលនិយាយគ្នា ហាហាហាហាហហា ខឹងសិនទៅ ចាំគេទៅលួងតែបើអត់ឃើញលួង មកលួងវិញផង»។
បន្ទាប់ពីបង្ហោះសារបែបនេះ មហាជនអ្នកគាំទ្រ បានសម្ដែងក្ដីត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីឃើញតារាក្នុងដួងចិត្តរបស់ពួកគេ ទាំងពីរនៅតែផ្អែមល្ហែមបែបនេះ៕