អេនជី ធ្វើឱ្យអ្នកគាំទ្រទន្ទឹងយ៉ាងអន្ទះសា ក្រោយប្រកាសបែបនេះ!
អេនជី បានធីបចោលអាជីពចម្រៀងអស់មួយរយៈពេល ក្រោយពីនាងបានយកពេលវេលាមកមើលការខុសត្រូវក្នុងមុខជំនួញនានាក្រោយរៀបការរួច ប៉ុន្តែថ្មីៗនេះអ្នកម្តាយរូបស្រស់ម្នាក់នេះបានព្រលយថា នឹងចេញបទចម្រៀងថ្មីៗឡើងវិញ ។ ការលើកឡើងរបស់ អេនជី បានធ្វើឱ្យ អ្នកគាំទ្ររីករាយ ហើយរំពឹងថានាងនឹងមានស្ទីលប្លែកៗបំបែកភាពស្ងប់ស្ងាត់ក៏ដូចជាតម្រូវទីផ្សារបច្ចុប្បន្ន ។
មិនមែនជាលើកទីមួយទេកន្លងមក អេនជី តែងលើកឡើងថានឹងវិលចូលសិល្បៈវិញ ព្រោះជាអាជីពដែលនាងស្រឡាញ់ តែកន្លងមកនាងហាក់ពុំសូវបានប្រឡូកជាប់លាប់នោះឡើយ ប៉ុន្តែថ្មីៗនេះ អេនជី បានបង្ហោះសារខ្លីថា ៖ «ជិតបានស្តាប់បទថ្មីរបស់ Mommy ហើយ» ។
ការលើកឡើងរបស់ អេនជី បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបង្ហាញអារម្មណ៍រីករាយ និង លើកទឹកចិត្តគ្រប់ៗគ្នា ហើយហ្វេនៗខ្លះថែមទាំងបាននិយាយថា គាំទ្រជានិច្ចព្រោះសំឡេងបងពីរោះណាស់ ហើយខ្លះទៀតបានសួរថាអាយដលច្រៀងនៅផលិតកម្មដដែលឬបែបណា? បើទោះមានសន្ទុះ គាំទ្រជាច្រើនក្តី តែគេមិនច្បាស់ថាការត្រលប់ជាថ្មីរបស់ អេនជី នឹងអាចដណ្តើមបានទីផ្សារឡើងវិញឬបែបណាឡើយ ខណៈពេលនេះតារាស្រករក្រោយរីកដុះដាលដូចផ្សិត ហើយសមត្ថភាពក៏មិនអន់ប៉ុន្មានដែរ ។ បើតាមដឹងពេលនេះ អេនជី មិនត្រឹមតែថតបទចម្រៀងថ្មីទេ សូម្បី MV ក៏បានថតរួចរាល់អស់ហើយ និង ត្រៀមចេញនៅក្នុងពេលឆាប់ៗនេះ ។
ចុងក្រោយនេះគេសម្គាល់ឃើញថាគ្រាន់តែសម្រាលកូនបានរឹងដៃរឹងជើងភ្លាម តារាចម្រៀងមួយចំនួនបានប្រកាសវិលចូលសិល្បៈជាបន្តបន្ទាប់ ដូចជា ពេជ្រ សូលីកា យក់ ថិតរដ្ឋា និង សួស វីសា ជាដើម ។ គេចាំបានថា អេនជី ធ្លាប់ជាតារាចម្រៀងដែលមានប្រជាប្រិយភាព និង សម្រស់ផូរផង់ តែក្រោយមានស្វាមី នាងក៏បានផ្អាកអាជីពនេះហើយងាកមកចាប់យកមុខជំនួញវិញម្តង ។ អ្វីដែលចាប់អារម្មណ៍ក្លាយជាអ្នកម្តាយក៏ពិតមែនតែសម្រស់របស់ អេនជី នៅតែកាន់តែស្អាត និង ក្មេងមិនចាញ់តារាស្រករក្រោយនោះទេ ៕
រូបថត ៖ ហ្វេសប៊ុក