លារហូតហើយ! អ្នកគាំទ្រលែងបានឃើញ Chef ឫទ្ធី ទៀតហើយ ក្រោយ MasterChef Khmer ចប់យប់មិញ
កាលពីយប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ កម្មវិធី MasterChef Khmer រដូវកាលទី ២ បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ ដោយបេក្ខជនដែលទទួលបានជ័យលាភីឈ្នះប្រាក់រង្វាន់ ៥ ម៉ឺនដុល្លារ ពីកម្មវិធីគឺ ស្រីណុច ។
ស្របពេលកម្មវិធីបានធ្វើដំណើរមកដល់ទីបញ្ចប់នោះ អ្វីដែលជាការចាប់អារម្មណ៍របស់មហាជនអ្នកទស្សនាជាច្រើនតាមរយៈការ Live ផ្ទាល់លើទំព័រហ្វេសប៊ុកនៃកម្មវិធីនោះ គឺជាលោក ស៊ឺ សោភ័ណ្ឌឫទ្ធី ដែលជា Chef និង ជាគណៈកម្មការរបស់កម្មវិធីទៅវិញ ដោយលោកបានទទួលមរណភាពហើយកាលពីពេលកន្លងទៅនោះ ។
ពិតណាស់កាលពីយប់មិញនេះ គេសង្កេតឃើញមានអ្នកចូលរួមតាមរយៈ Comment ជាច្រើនក្រោមការ Live នៃកម្មវិធី ដោយម្នាក់ៗបានសរសេរពាក្យលាទាំងក្តុកក្តួល និង អាឡោះអាល័យទៅកាន់ Chef ឫទ្ធី យ៉ាងច្រើនថា ចាប់ពីពេលនេះលែងបានឃើញសកម្មភាពដ៏រស់រវើក និង ស្តាប់ឮសំឡេង Chef ក្នុងកម្មវិធីទៀតហើយ ក្នុងនោះដែរមហាជនអ្នកគាំទ្រក៏បានបង្ហាញក្តីនឹករឭកដល់គណៈកម្មការរូបនេះថែមទៀតផង ។
នេះជាការស្រណោះស្រណោកអាឡោះអាល័យមួយ ដែលអ្នកគាំទ្រជាច្រើនរបស់គណៈកម្មការ Chef ឫទ្ធី ដែលមានឈ្មោះដើម ស៊ឺ សោភ័ណ្ឌឫទ្ធី បានបង្ហាញចេញ ក្រោយពេលកម្មវិធី MasterChef Khmer បានឈានដល់ទីបញ្ចប់នោះ ។
គួរឱ្យដឹងដែរថា លោក ស៊ឺ សោភ័ណ្ឌឫទ្ធី ដែលគេស្គាល់ជា Chef ឫទ្ធី ជាគណៈកម្មការក្នុងកម្មវិធី MasterChef Khmer បានទទួលមរណភាពកាលពីយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយសារជំងឺលើសឈាម និង ឡើងជាតិស្ករខ្ពស់ ។ មរណភាពកំពូលចុងភៅរូបនេះ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ឡើយ ព្រោះតែលោកបានទទួលមរណភាពទាំងកម្មវិធីកំពុងដំណើរការចាក់ផ្សាយមិនទាន់បញ្ចប់នោះ ៕