
តារាសម្ដែងជំនាន់ ៨០-៩០ ប៉ុន្មានរូបនេះល្បីល្បាញខ្លាំង នៅមានអ្នកនឹករឭកដល់បច្ចុប្បន្ន
ពេលដែលរំឭកដល់តារាសម្ដែងល្បីៗជំនាន់ ៨០-៩០ ជឿជាក់ប្រិយមិត្តភាគច្រើនច្បាស់ជានឹកដល់តារាស្រីល្បីៗ ដែលមានទាំងទេពកោសល្យផ្នែកសិល្បៈដ៏ប៉ិនប្រសប់ និង រូបសម្រស់ស្រស់ផូរផង់គួរឱ្យចង់គយគន់របស់ពួកគាត់ជាក់ជាមិនខាន តែយ៉ាងណា រំលងប្រមាណជា ៣០ ឆ្នាំមកនេះ តារាសម្ដែងជើងចាស់មួយចំនួន បានឃ្លាតចាកពីអាជីពមួយនេះទៅរស់នៅសាងគ្រួសារយ៉ាងមានសេចក្ដីសុខ ចំណែកមួយចំនួននៅតែបង្ហាញមុខម្ដងម្កាលក្នុងវិស័យសិល្បៈ ហើយមួយចំនួនទៀតវិញ ក៏បានលាស្រុកកំណើតទៅរស់នៅឯបរទេសជាមួយស្វាមី ។
ទោះបីជាឃ្លាតឆ្ងាយពីវិស័យសម្ដែង ប៉ុន្ដែសិល្បការិនីជើងចាស់ ៥ ដួង នៅតែត្រូវបានមហាជននឹករឭក ចង់ដឹងសុខទុក្ខជានិច្ច ៖
១- អ្នកនាង អម្ពរ ទេវី
ក្រោយពីបញ្ចប់ចំណងអាពាហ៍ពិពាហ៍លើកទី ១ ជាមួយអតីតស្វាមី លោក ពេជ្រ ភារុណ ដាច់ស្រេច តារាសម្តែងជើងចាស់ អម្ពរ ទេវី ក៏សម្រេចចិត្តរៀបការជាលើកទី ២ និង បានចាកចេញទៅរស់នៅក្រៅប្រទេសអស់រយៈពេលច្រើនឆ្នាំមកហើយ តែនៅកំឡុងឆ្នាំ ២០១៦ អ្នកនាង ក៏បានវិលត្រឡប់មកស្រុកខ្មែរ ធ្វើឱ្យមហាជនរំជើបរំជួលនឹងទេពកោសល្យសម្ដែងរបស់អ្នកស្រីជាថ្មី ដោយអ្នកស្រីបានបង្ហាញវត្តមានចូលរួមសម្ដែងរឿង «ទឹកចិត្តម្ដាយសម័យ» ។
២- អ្នកនាង សុខ ស្រីមុំ
តារាសម្តែងស្រីថ្ពាល់ខួចល្បី សុខ ស្រីមុំ បានលាប្រិយមិត្តចេញទៅរស់នៅទឹកដីសហរដ្ឋអាមេរិក កាលពីខែកញ្ញា ឆ្នាំ ១៩៩៤ ដោយអ្នកនាងបានទម្លាក់ចោលទាំងស្រុងនូវការសម្តែងទាំងអស់ ។ ប្រិយមិត្តនៅតែចងចាំការសម្តែងរបស់អ្នកនាងមិនភ្លេចឡើយ ជាមួយនឹងទេពកោសល្យចូលចិត្តលេងទឹកមុខក្នុងឈុតក្រមិចក្រមើម រឡិករឡក់ ក្និកក្នក់ គួរឱ្យក្នាញ់ និង គួរឱ្យស្ងើចសរសើរ ។
៣- អ្នកនាង ចាន់ តារាទី
អ្នកនាង ចាន់ តារាទី គឺជាតារាសម្តែងដ៏មានទេពកោសល្យ និង ទទួលបានការគាំទ្រមួយរូបតាំងពីជំនាន់ឆ្នាំ ៨០ ជាង ហើយបើទោះមិត្តរួមជំនាន់ស្និទ្ធស្នាលជាច្រើនរូបបានសម្រេចចិត្តចេញពីអាជីពសិល្បៈក្តី ប៉ុន្តែតួឯកស្រីដែលមានខ្សែភ្នែកមុត ចាន់ តារាទី រូបនេះនៅតែប្រឡូកអាជីពសិល្បៈនេះដដែល រហូតមកទល់នឹងបច្ចុប្បន្ននេះ ហើយពេលនេះដែរអ្នកនាងក៏បានក្លាយជាតារារៀមច្បង និង ជាតារាគំរូសម្រាប់ពន្លកតារាជំនាន់ក្រោយផងដែរ ។
៤- អ្នកនាង នារី រ័ត្នគន្ធា
អ្នកនាង នារី រ័ត្នគន្ធា គឺជាអតីតតារាសម្តែងជំនាន់ឆ្នាំ ៨០-៩០ ដ៏ល្បីល្បាញមួយរូប ដែលអ្នកនាងត្រូវបានអ្នកគាំទ្រចាត់ទុកជាតារាទឹកភ្នែក និយមដើរតួកម្សត់ ដែលដៃគូស័ក្តិសមរបស់អ្នកនាងនោះគឺលោក ច័ន្ទ រិទ្ធមេធានី និង តារាប្រុសល្បីៗមួយចំនួនទៀតផងដែរ ។
៥- អ្នកនាង កែវ កល្យាណ
កាលពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ កែវ កល្យាណ ធ្លាប់ជាតារាសម្តែងដែលមានឈ្មោះបោះសំឡេងមួយរូប តែក្រោយពីតារាស្រករក្រោយរីកដុះដាល តារាជើងចាស់រូបនេះក៏បានបន្សាត់ខ្លួនចេញពីអាជីពសិល្បៈ ៕