ទើបដឹងថាឈុតមួយនេះ អ្នកស្រី ឌី សាវ៉េត ធ្លាប់បានស្លៀកតាំងពីជាង ៤០ ឆ្នាំមុន
អ្នកស្រី ឌី សាវ៉េត ជាតារាភាពសម្ដែងជើងចាស់ដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជា កាលពីអំឡុង ទស្សវត្សរ៍ទី ៦០ និង ៧០ តាមរយៈការសម្ដែងខ្សែភាពយន្តល្បីៗជាច្រើន ដែលសុទ្ធសឹងតែមានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនមានដូចជា រឿង ក្បូនជីវិត និង ពស់កេងកង ជាដើម។
ដោយសារតែមានទេពកោសល្យ និងសមត្ថភាពសម្ដែងខ្ពស់ រួមផ្សំជាមួយនូវសម្រស់ដ៏ស្រស់ស្អាតតាមបែបធម្មជាតិផងនោះ ទើបធ្វើឱ្យ អ្នកស្រី ឌី សាវ៉េត អាចក្ដោបបានឱកាសជាតួឯកជាច្រើននៅក្នុងសម័យកាលនោះ ព្រមទាំងបានកសាងកេរ្ដិ៍ឈ្មោះរបស់ខ្លួនឱ្យល្បីសុះសាយពេញផ្ទៃប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រី ឌី សាវ៉េត ក៏ធ្លាប់បានទៅចូលរួមសម្ដែងនៅក្រៅប្រទេសជាច្រើនមានដូចជា ប្រទេសថៃ ហុងកុង តៃវ៉ាន់ និង សឹង្ហបុរី ជាដើម ។
ក្រោយពីបានសាងកេរ្ដិ៍ឈ្មោះនៅលើវិថីសិល្បៈអស់ពេលដ៏យូរឆ្នាំមកហើយ ទោះបីជាពេលនេះ លោកស្រីមានវ័យច្រើនក៏ពិតមែននិងមានភាពស្ងាប់ស្ងាត់ពីសិល្បៈបន្តិចក្ដី តែយូរៗម្ដង អ្នកស្រី ឌី សាវ៉េត តែងតែមានវត្តមាននៅក្នុងរឿងភាគក៏ដូចជាកម្មវិធីផ្សេងៗ នៅតាមស្ថានីយ៍ទូរទស្សន៍នានាផងដែរ។
អ្វីដែលកាន់តែចាប់អារម្មណ៍ កាលពីពេលថ្មីៗនេះ អ្នកស្រី ឌី សាវ៉េត ក៏បានអញ្ជើញចូលរួមនៅក្នុងកម្មវិធីជជែកកម្សាន្ត 3 Fun កាលពីអំឡុងខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ និងបានទម្លាយពីប្រវិត្តខ្លះៗ ក៏ដូចជារឿងរ៉ាជាច្រើនដែលអ្នកស្រីធ្លាប់បានឆ្លងកាត់នៅក្នុងវិថីសិល្បៈ ជាពិសេស អ្នកស្រី ឌី សាវ៉េត ក៏បានទម្លាយពីរឿងមួយដែលមហាជនពុំធ្លាប់បានដឹងនោះគឺ ឈុតមួយដែលអ្នកស្រី បានស្លៀកនៅក្នុងកម្មវិធីនោះ គឺជាឈុតដែលអ្នកស្រីធ្លាប់បានស្លៀកសម្ដែងនៅក្នុងរឿងមួយកាលពីអំឡុងទស្សវត្សរ៍ទី ៧០ ហើយអ្នកស្រីក៏បានថែរក្សារហូតមកដល់សព្វថ្ងៃនេះ។
នៅក្នុងកម្មវិធីដដែលនេះដែរ អ្នកស្រី ឌី សាវ៉េត ក៏បានលើកឡើងនូវហេតុផលដែលធ្វើឱ្យអ្នកស្រីរក្សាឈុតនៅក្នុងសម័យកាលនោះ គឺដោយសារតែ អ្នកដឹកនាំរឿងឱ្យរក្សាទុក ព្រោះប្រសិនបើមានឈុតសម្ដែងមួយណាមានលក្ខណៈមិនសូវល្អនោះនឹងត្រូវថតសារឡើងវិញ។ អ្នកស្រីក៏បានរៀបរាប់បន្តទៀតថា តាមពិតទៅគ្រប់សម្លៀកបំពាក់ដែលធ្លាប់បានស្លៀកថត នៅក្នុងរឿងកាលពីសម័យមុនគឺអ្នកស្រីបានរក្សាទុកទាំងអស់តែ ដោយសារតែប្រទេសយើងមានសង្គ្រាមទើបធ្វើឱ្យសម្លៀកបំពាក់ដែលរក្សាទុកនោះបានបាត់អស់ខ្លះទៅហើយ។
គួររំឭកផងដែរថា អ្នកស្រី ឌី សាវ៉់េត មកដល់បច្ចុប្បន្ននេះមានវ័យ ៧៦ ឆ្នាំ ហើយ តែបើក្រឡេកទៅមើលរូបសម្រស់ គឺនៅតែស្រស់ស្អាត សាច់ចាំ ក្មេងជាងវ័យ មិនចេះចាស់ទាល់តែសោះ សូម្បីតែសមត្ថភាពសម្ដែងក៏នៅតែល្អដដែល ធ្វើឱ្យទស្សនិកជនមានការលាន់មាត់សរសើរស្ទើរតែគ្រប់គ្នា៕