ទីបំផុត! លឹម សុធាវី បដិសេធមិនទទួលយកតំណែងបន្ដពី សេង រដ្ឋា ព្រោះហេតុផលនេះ!
ក្រោយពីប្រកាសលាលែងតំណែងពី កញ្ញា សេង រដ្ឋា ម្ចាស់មកុដ Miss Grand Cambodia ២០២០ រួចមក គេកត់សម្គាល់ឃើញមានផ្ទុះប្រតិកម្មជាច្រើនពីសំណាក់មហាជន ដែលជាអ្នកគាំទ្រលើវិស័យបវរកញ្ញានេះ។
យោងតាមកុងត្រា និង គោលការណ៍ក្រុមហ៊ុន ប្រសិនបើម្ចាស់ជ័យលាភីធ្វើខុសលក្ខខណ្ឌ ក្រុមហ៊ុននឹងផ្ទេរតំណែងបន្ទាប់ទៅកាន់បរវរកញ្ញាជាប់លេខបន្ទាប់ ហើយប្រសិនបើបវរកញ្ញា លេខបន្ទាប់ ធ្វើខុសលក្ខខណ្ឌទៀតនោះ តំណែងក៏នឹងបន្ដប្រគល់ទៅឱ្យអ្នកលេខបន្ទាប់ពីនោះទៀត ធ្វើជាអ្នកតំណាងឱ្យកម្ពុជាទៅចូលរួមលើឆាកអន្តរជាតិកម្មវិធី Miss Grand International ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងប្រទេសថៃ នាខែមីនា ខាងមុខនេះ។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវផ្លាស់ប្ដូរតំណែងនេះ ហាក់មិនទាន់មានព័ត៌មានផ្លូវការ ចេញពីខាងក្រុមហ៊ុនអ្នករៀបចំកម្មវិធីនោះទេ ដែលរឿងរ៉ាវនេះកាន់តែធ្វើឱ្យមហាជននៅតែចោទជាចម្ងល់ជារឿយៗថា តើបញ្ហានេះក្រុមហ៊ុននឹងដោះស្រាយទៅជាយ៉ាងណា?
ចំពោះរឿងរ៉ាវដែលបានកើតឡើង យ៉ាងក្ដៅគគុករឿងតំណែង របស់បវរកញ្ញា Miss Grand Cambodia ដែលត្រូវធ្វើជាអ្នកតំណែងប្រទេសកម្ពុជា ឈរលើឆាកអន្ដរជាតិនេះដែរ កាលពីយប់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ កញ្ញា លឹម សុធារី ដែលជាបវរកញ្ញារងទី ១ បានបង្ហោះសារក្នុងគណនីហ្វេសប៊ុករបស់នាងថា «នាងខ្ញុំសប្បាយចិត្ដនៅអ្វីដែលខ្ញុំមាន ហើយក៏ពេញចិត្ដនៅអ្វីដែលខ្ញុំខំធ្វើ និងលទ្ធផលដែលទទួលបាន ខ្ញុំមិនចង់បានអ្វីលើសពីនេះទៀតទេ ពិសេសអ្វីដែលមិនមែនជារបស់ ខ្លួន នាងខ្ញុំនៅតែជា miss grand cambodia 1 st runner up Forever មិនប្រែប្រួលឡើយ ហើយក៏មិនផ្លាស់ប្ដូរឡើយ »។
លើសពីនេះទៅទៀត នាងក៏បានបង្ហើបប្រាប់ពីមូលហេតុច្បាស់ៗថា «នាងខ្ញុំមានមូលហេតុច្បាស់លាស់ដែលមិនបានទទួលតំណែងទៅបន្តការប្រលងនៅប្រទេសក្រៅវដោយសារនាងខ្ញុំមានបញ្ហាសុខភាពមិនអំណោយផល ជាក់ស្ដែង នាងខ្ញុំបានផ្ដល់ដំណឹងនេះទៅខាងក្រុមហ៊ុនមុនហើយ ហើយខាងក្រុមហ៊ុនក៏បានឃើញជាក់ស្ដែងដែរ»។
ចំពោះសារដែលម្ចាស់ជ័យលាភីរងទី ១ បង្ហោះនេះ គឺបង្ហាញយ៉ាងច្បាស់ថានាង នឹងមិនអាចទៅចូលរួមប្រកួតនៅប្រទេសថៃ នាខែមីនានេះទេ ដូច្នេះ បញ្ហានេះ វានៅតែធ្វើឱ្យមហាជន អ្នកគាំទ្រ មានក្ដីកង្វល់ និង ងឿងឆ្ងល់ដដែលថា តើអ្នកណាដែលនឹងត្រូវពាក់មកុដ Miss Grand Cambodia បន្ដ ដើម្បីឡើងទៅប្រកួតកម្មវិធីដ៏ធំមួយនេះ នៅលើឆាកអន្ដរជាតិ?