ឪពុកតារាចម្រៀង អ៊ីវ៉ា មានរូបរាងសង្ហាណាស់ រហូតមានអ្នកយល់ច្រឡំបែបនេះ
កន្លងមកតារាចម្រៀងមុខកាត់ចិន អ៊ីវ៉ា ធ្លាប់វាយលុកទីផ្សារសិល្បៈចម្រៀងនៅកម្ពុជា ដណ្ដើមយកប្រជាប្រិយភាពពីសំណាក់ទស្សនិកជនយ៉ាងច្រើនក្រាសក្រែល ជាពិសេសយុវវ័យភាគច្រើនសុទ្ធតែស្រឡាញ់ចូលចិត្តស្ដាប់បទចម្រៀងបែបមនោសញ្ចេតនាដ៏ពីរោះៗ ហើយក្នុងនោះក៏មានអ្នកគាំទ្រជាច្រើន ចេះច្រៀងបទចម្រៀងរបស់នាងយ៉ាងស្ទាត់ជំនាញទៀតផង ។
ដ្បិតតែមួយរយៈចុងក្រោយនេះ អ៊ីវ៉ា ហាក់ដូចជាស្ងប់ស្ងាត់មិនសូវបញ្ចេញបទចម្រៀងប្រជែងទីផ្សារសិល្បៈដូចមុន ប៉ុន្ដែទឹកដមសំឡេងពីរោះស្រួយស្រែស បូករួមទាំងភាពក្រមិចក្រមើមតាមរយៈបទចម្រៀងចាស់ៗរបស់នាងកន្លងមក ធ្វើឱ្យអ្នកគាំទ្រចងចាំវត្តមាននាងមិនភ្លេចនោះទេ ។
មិនត្រឹមតែមានទេពកោសល្យផ្នែកចម្រៀង អ៊ីវ៉ា ក៏ជាស្រីស្អាត រាងតូចច្រឡឹង សម្បុរសស្គុស ជាកូនកាត់ចិនគួរឱ្យស្រឡាញ់ ។ មុខមាត់ស្អាតបែបធម្មជាតិគ្មានកែច្នៃរបស់តារាស្រីវ័យក្មេងរូបនេះ នាងបានទម្លាយថា គឺកាត់តាមលោកប៉ាជាទីស្រឡាញ់របស់នាង ដែលកន្លងមកមហាជនមួយចំនួនក៏បានស្គាល់លោកប៉ារបស់ អ៊ីវ៉ា រួចហើយ តាមរយៈការបកស្រាយបទចម្រៀងក្រោមចំណងជើង «លោកប៉ាកូនចង់បានប្ដី» ជាមួយកូនស្រី ហើយបទចម្រៀងនោះ ក៏ទទួលបានការគាំទ្រច្រើនគួរសមពីទស្សនិកជន ។
ស្រាប់តែថ្មីៗនេះ អ៊ីវ៉ា បានបង្ហោះរូបថតឈរក្បែរលោកប៉ាជាទីស្រឡាញ់ប៉ុន្មានសន្លឹកលើគណនីហ្វេសប៊ុក ព្រមទាំងសរសេរ Caption ថា «កូនមុខកាត់ដូចប៉ា ឬប៉ាមុខកាត់ដូចកូន សំខាន់ទៅណាមកណាគេច្រឡំសង្សាររហូត» ។ ដ្បិតថាពាក្យសម្ដី អ៊ីវ៉ា លើកឡើងក្នុងន័យលេងសើចមែន ប៉ុន្ដែក្នុងនោះមានអ្នកគាំទ្រជាច្រើនសរសើរដល់ភាពសង្ហា ភាពមាំមួនរបស់លោកប៉ាតារាស្រីខាងលើថា ស្អាតមិនចាញ់តួកុននោះទេ បើមិនប្រាប់ច្បាស់ជាពួកគេយល់ថាជាបងប្រុសនាងមិនខាន ៕