យុទ្ធ ឋានៈ បង្ហោះរូបអេកូ បង្ហាញមុខកូនជាលើកដំបូង មានទម្រង់មុខស្អាតណាស់
តារាសម្តែង លោក យុទ្ធ ឋានៈ និងតារាសម្ដែងរូបស្រស់ សូដា នីតា បានសម្រេចភ្ជាប់ពាក្យយ៉ាងស្ងៀមស្ងាត់រួចហើយ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីអ្នកទាំងពីរបានស្វែងយល់ចិត្តថ្លើមគ្នាអស់រយៈពេលប្រមាណមួយឆ្នាំ។ ក្រោយពីបានភ្ជាប់ពាក្យជាមួយគ្នារួចមក អ្នកទាំងពីក៏បានបើកជំនួញរកស៊ីជាមួយគ្នាទៀតផង។
យ៉ាងណាមិញ បន្ទាប់ពីភ្ជាប់ពាក្យមិនបានប៉ុន្មានផង កាលពីពេលថ្មីៗនេះដែរ តារាសម្ដែង សូ ដានីតា ក៏បានបើកប្រកាសជាសាធារណៈនូវដំណឹងដ៏រីករាយមួយដល់អ្នកគាំទ្រថា រូបនាងកំពុងតែមានផ្ទៃពោះ។ ក្រោយដំណឹងនៃការពពោះជាលើកដំបូងរបស់តារាសម្ដែងរូបនេះ ត្រូវបានទម្លាយ មានមហាជន ក៏ដូចជាអ្នកសិល្បៈជាច្រើនបានចូលរួមត្រេកអរ និងអបអរសាទរ ដល់គូស្នេហ៍ថ្មីថ្មោងរូបនេះ ដែលនឹងទទួលបានសមាជិកថ្មីនៅក្នុងគ្រួសារនាពេលឆាប់ៗខាងមុខនេះ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ លោក យុទ្ធ ឋានៈ បានបញ្ចេញរូបភាពពិនិត្យអេកូរបស់កូនប្រុសជាទីស្រឡាញ់ និងបានបង្ហាញពីព័ត៌មានលម្អិតទាក់ទងទៅនឹងកូនក្នុងផ្ទៃរបស់ សូដា នីតា ថាកំពុងតែមានសុខភាពល្អ ព្រមទាំងមានអាយុ ប្រមាណ ៨ ខែហើយ។ មិនតែប៉ុណ្ណោះ តារាសម្ដែងប្រុសរូបនេះ ក៏បានសរសេររៀបរាប់យ៉ាងខ្លីថា៖ «សួស្ដី !!!!! អ៊ុំពូមីងពុកម៉ែទាំងអស់គ្នាអូនអាយុបាន ៣២ អាទិត្យហើយ»។
តាមរយៈរូបភាពពិនិត្យអេកូប៉ុន្មានសន្លឹកដែលបានបង្ហោះនោះ ឃើញថាកូនប្រុសដំបូងរបស់តារាសម្ដែង យុទ្ធ ឋានៈ និងស្រីស្អាត សូដា នីតា មានភាពស្រស់ស្អាត ព្រមទាំងកាត់ទៅរកអ្នកទាំងពីរទៀតផង៕