នៅជាងមួយខែទៀតសម្រាល សូដា នីតា ត្រៀមឈ្មោះឡើងពីរោះឱ្យកូនពូជ!
សូដា នីតា ពពោះបានប្រមាណជា ៨ ខែហើយ ដែលពេលនេះសុខភាពនាង និង ទារកក្នុងផ្ទៃក៏ល្អជាធម្មតា។ យ៉ាងណាមិញ ពេលនេះ នាងក៏បានផ្អាកការងារសិល្បៈទៅហើយ ដោយរង់ចាំត្រៀមខ្លួនទទួលសមាជិកថ្មី ដែលនឹងឃើញពន្លឺព្រះអាទិត្យនៅក្នុងរយៈពេលជាងមួយខែទៀតប៉ុណ្ណោះ។
កូនដំបូងដែលជាដំណក់ឈាមរួមគ្នារវាង សូដា នីតា និង លោក យុទ្ធ ឋានៈ នោះ ពេលនេះ នាងបានដាក់ឈ្មោះឱ្យកូនប្រុសដំបូងថា ផាកន តែយ៉ាងណា នាងមិនទាន់បង្ហើបថាជាឈ្មោះហៅក្រៅ ឬ បែបណានៅឡើយទេ។
បើតាមគម្រោងនាង នឹងសម្រាលកូនដំបូងនៅមន្ទីរពេទ្យឯកជនល្បីមួយ ព្រោះគេតែងតែប្រទះឃើញស្រីស្អាតរូបនេះទៅពិនិត្យតាមដានសុខភាពផ្ទៃពោះនៅទីនោះជារឿយៗ។ ក្រៅពីមើលថែសុខភាព សូដា នីតា បានយកពេលវេលាមួយចំនួន ទៅមើលការខុសត្រូវហាងអាហាររបស់នាងដែលទើបបើកដំណើរការផងដែរ។
ទោះបីជាកំពុងតែពពោះកូនដំបូង ហើយមិនទាន់លេចឮដំណឹងរៀបការក្ដីតែ សូដា នីតា ហាក់មិនទទួលការរិះគន់ពីមហាជនឡើយ ពោលគឺមានតែពាក្យអបអរសាទរយ៉ាងច្រើន។
គួរឱ្យដឹងថា បច្ចុប្បន្ន សូដា នីតា ជាតារាល្បីមួយរូប ដែលមានជីវភាពហ៊ឺហា ខណៈដែលពេលនេះ នាងកំពុងរស់នៅផ្ទះវីឡា និងប្រើប្រាស់រថយន្តទំនើបៗ ព្រមទាំងមានមុខរបរផ្ទាល់ខ្លួនទៀតផង។ អ្វីកាន់តែពិសេស ថ្មីៗនេះ សូដា នីតា និងគូដណ្តឹងក៏បានទិញផ្ទះវីឡាថ្មីមួយបន្ថែមទៀតនៅផ្លូវ ៦០ ម៉ែត្រ ហើយតាមគម្រោងតារាស្រីរូបនេះ ក៏មានបំណងបើកផលិតកម្មផ្ទាល់ខ្លួនទៀតផង៕
រូបថត ៖ ហ្វេសប៊ុក