សំងំសោយសុខលើគំនរសុភមង្គលមួយរយៈ ឥលូវ សួស វីហ្សា ត្រៀមវិលមកវិញហើយ!
ចាប់តាំងពីប្រារព្ធពិធីមង្គលការយ៉ាងធំគគ្រឹកគគ្រេងកាលពីកំឡុងខែ តុលា ឆ្នាំ ២០២០ មក ជារឿយៗគេតែងឃើញគ្រួសារអ្នកសិល្បៈដ៏ស័ក្ដិសមមួយគូនេះ គឺតារាចម្រៀង សួស វីហ្សា និង ស្វាមីគឺលោក ថមមី តែងបើកបង្ហាញឥតលាក់លៀមពីសុភមង្គលយ៉ាងពេញទំហឹងក្នុងជីវិតគូរបស់ពួកគេ ជាពិសេសចាប់តាំងពីតារាស្រី សួស វីហ្សា សម្រាលកូនស្រីឈ្មោះ Jenny មក គ្រួសាររបស់ពួកគេកាន់តែមានក្ដីសុខទ្វេដង ។
អាចនិយាយបានថា សួស វីហ្សា ជាតារាស្រីដែលមានសំណាងខ្លាំងណាស់ ព្រោះកន្លងមកលោក ថមមី បំពេញតួនាទីជាស្វាមីល្អ ដឹងសុខទុក្ខប្រពន្ធ ផ្ដល់ភាពកក់ក្ដី បង្ហាញក្ដីស្រឡាញ់ បំពេញចិត្តនាងសឹងតែគ្រប់យ៉ាង រហូតអ្នកគាំទ្រជាច្រើនច្រណែននឹងសំណាង សួស វីហ្សា រស់នៅសោយសុខលើសុភមង្គល ថែមទាំងមានលុយចាយពេញៗដៃថែមទៀត ។
ខណៈកំពុងទទួលបានសេចក្ដីសុខពីគ្រួសារតូចយ៉ាងពេញលេញ ឆាប់ៗនេះ សួស វីហ្សា ក៏ត្រៀមនឹងចេញបទចម្រៀងថ្មី ដើម្បីដណ្ដើមយកប្រជាប្រិយភាពកាន់តែខ្លាំងពីអ្នកគាំទ្រឡើងវិញ ក្រោយពីសំងំធ្វើជាប្រពន្ធល្អ និង អ្នកម្ដាយវ័យក្មេងមួយរយៈមកនេះ ដោយថ្មីៗនេះ ថមមី បានបង្ហោះនៅលើគណនីហ្វេសប៊ុកបង្ហើបថា លោកបានជូនប្រពន្ធទៅថតចម្រៀងត្រៀមវិលចូលសិល្បៈឡើងវិញ ៕