ឃើញរូបភាពទាំងនេះ អ្នកគាំទ្រលាន់មាត់ថា យាយអឿនក្មេងជាងវ័យដល់ទៅ ២០ ឆ្នាំ
ថ្មីៗនេះ មានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ក្រោយពីបានឃើញភាពប្រែប្រួលពីរូបសម្រស់ របស់តារាកំប្លែងជើងចាស់ យាយអឿន ដែលស្រស់ស្អាត ហើយថែមទាំងក្មេងប្លែកដូចមនុស្សពីរនាក់ផ្សេងគ្នាតែម្ដង។
សម្រាប់នៅក្នុងឆ្នាំនេះ តារាកំប្លែងជើងចាស់ យាយអឿន មានវ័យប្រមាណជា ៧០ ឆ្នាំទៅហើយ តែតាមរយៈរូបភាពដែលបង្ហោះដោយតារាសម្តែង ចន ច័ន្ទលក្ខិណា នៅក្នុងកម្មវិធីមង្គលការមួយជាមួយ យាយអឿន គេសង្កេតឃើញថាសម្រស់របស់តារាកំប្លែងវ័យជ្រេរូបនេះ ពិតជាស្អាត និងក្មេងខ្លាំងតែម្តង ពោលគឺមានផ្ទៃមុខតឹងណែន ទម្រង់មុខក៏មើលទៅក្មេងប្លែកខ្លាំងដូចមានវ័យទើបតែ ៥០ ឆ្នាំប៉ុណ្ណោះ។
មហាជនមានការលើកឡើងស្ទើរគ្រប់គ្នាថា បើមិនប្រាប់ថាជាតារាកំប្លែងជើងចាស់ យាយអឿន ទេ មិនស្គាល់សោះតែម្តង ហើយខ្លះទៀតថាស្អាតមិនចាញ់ ចន ច័ន្ទលក្ខិណា ប៉ុន្មានឡើយ កប់សារីតែម្តង ម៉ែអឿន។
គេចាំបានថា ភាពស្រស់ស្អាតរបស់តារាកំប្លែង យាយអឿន មិនមែនបានមកដោយងាយៗឡើយ។ យ៉ាងណាមិញ កាលពីអំឡុងខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ តារាកំប្លែងវ័យជ្រេរូបនេះ បានដឹកដៃ យាយយ៉យ ជាមិត្តរួមអាជីពទៅកែសម្ជស្សនៅហាងល្បីមួយនៅក្នុងស្រុក ដោយពួកគាត់ទាំងពីរបានកាត់ត្របកភ្នែកយារធ្លាក់ អ៊ុតទាញបណ្តឹងស្បែកមុខ និង ធ្វើច្រមុះជាដើម។ គិតមកដល់ពេលនេះ គិតចាប់តាំងពីថ្ងៃកែសម្ឋស្ស មកទល់ពេលនេះ ឃើញថាមានរយៈពេលប្រមាណ ជា ៥ ខែហើយ តែលទ្ធផលល្អគាប់ចិត្តណាស់។ យ៉ាងណាមិញ បើទោះមានវ័យច្រើនទៅហើយក្តីតែ យាយ អឿន នៅតែបន្តអាជីពសិល្បៈ ដែលមានទាំងការច្រៀងអាយ៉ៃ និងកំប្លែង ជាដើម៕
រូបថត ៖ ហ្វេសប៊ុក