អូនតូច ឆលី រាល់ថ្ងៃតែងធ្វើបែបនេះ រហូតម៉ាក់ៗទម្លាយអារម្មណ៍ពិតលើ FB
ឈ្មោះជាអ្នកម្ដាយដែលមានកូនតូចៗ តែងតែមានការរវល់ក៏ដូចជាហត់នឿយខ្លាំងនៅក្នុងការមើលថែទាំកូនប្រុសស្រី ដោយសារតែពួកគេជាក្មេងមួយចំនួនដែលរពិស នឹងចូលចិត្តលេងច្រើនធ្វើឱ្យអ្នកម្ដាយមួយចំនួនហត់បន្ដិចក្ដី តែនេះជាក្ដីសុខម្យ៉ាងក្នុងគ្រួសារ។
យ៉ាងណាមិញ បើក្រឡេកមកមើលពីជីវិតជាអ្នកម្ដាយសម័យថ្មីមួយរូបរបស់ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា វិញ ឃើញថា បន្ទាប់ពីសាងគ្រួសារ រៀបការជាមួយ លោក អ៊ឹង សុខលី ដែលត្រូវជាប្អូនប្រុសរបស់ថៅកែទូរទស្សន៍ ហង្សមាស កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩ និង បានទទួលចំណងដៃ កូនប្រុសដ៍គួរឱ្យក្នាញ់ម្នាក់ ឈ្មោះថា អ៊ឹង បញ្ញាបុត្រ ហៅ ឆលី នោះ តារាចម្រៀងស្រីរូបនេះ តែងតែបង្ហោះរូបភាពលក្ខណៈគ្រួសារ យ៉ាងមានភាពកក់ក្ដៅនៅលើបណ្ដាញសង្គមជារឿយៗ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ ពេលនេះ អូនតូច ឆលី មានអាយុជាងមួយខួបទៅហើយ។ បន្ទាប់ពីមានវ័យកាន់តែធំ ឆលី កាន់តែមានមុខមាត់ស្រស់ស្អាត ជាពិសេសទៀតថែមទាំងជាក្មេងដែលឆ្លាត ព្រមទាំងមើលទៅរពិសណាស់ ធ្វើឱ្យអ្នកម្ដាយដ៏ស្រស់ស្អាត ឱក សុគន្ធកញ្ញា ហាក់ហត់ខ្លាំងនៅពេលដែលត្រូវបានអូនតូច ឆលី កូរម្ដងៗ។ តួយ៉ាង កាលពីពេលថ្មីៗនេះ ម្ចាស់បទ «សុំយំម្ដង» រូបនេះ បានបង្ហោះសារមួយរៀបរាប់ពីសកម្មភាពកូនប្រុសជាទីស្រឡាញ់ថា ៖ «សកម្មភាព check in របស់ Charlie និយាយទៅដេញចាប់ចង់ខ្យល់ មួយថ្ងៃៗ ម្នាក់ហ្នឹងបញ្ជាខ្ញុំបានគ្រប់យ៉ាង មិនយល់ តែពេញចិត្ត»។
បន្ថែមពីនេះ ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារដែលមានន័យប្រហាក់ប្រហែលឃ្លាខាងលើមួយទៀតថា ៖ «និយាយទៅយើងតាមគាត់បានគ្រប់យ៉ាង តែគាត់អត់តាមយើងវិញអីតិច»។
បន្ទាប់ពីបង្ហោះសាររៀបរាប់ពីសកម្មភាពកូនប្រុសដ៏គួរឱ្យស្រឡាញ់ អមជាមួយនឹងរូបភាពជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុករួចហើយនោះ មានបណ្ដាអ្នកគាំទ្រជាច្រើន បានបញ្ចេញមតិចាប់អារម្មណ៍ ព្រមទាំងពោលពាក្យថា អូនឆលី នៅតូចមើលទៅរពិសណាស់ តែគួរឱ្យក្នាញ់៕