បងប្អូនត្រកូល ឌីកាន តារាចម្រៀងល្បីជំនាន់មុន ស្ងាត់ពីសិល្បៈឈឹង ប្រើជីវិតយ៉ាងសាមញ្ញ
កាលពីអំឡុងឆ្នាំ ១៩៩០ និង ឆ្នាំ ២០០០ អ្នកណាដែលថាមិនធ្លាប់ស្គាល់ និង ល្បីពីបងប្អូនស្រីត្រកូល ឌីកាន ទាំងពីរនាក់គឺ ឌីកាន កុល្លីន និង ឌីកាន សុភនាថ ដែលអ្នកទាំង ២ ជាតារាចម្រៀងយ៉េយ៉េដ៏មានប្រជាប្រិយភាពផងដែរនៅក្នុងឧស្សហកម្មកម្សាន្តខ្មែរ ។
តារាចម្រៀងជាបងប្អូនស្រីទាំង ២ រូបនេះ បានអង្រួនពិភពសិល្បៈខ្មែរ និង បានសាងភាពល្បីល្បាញខ្លាំងណាស់ កាលជំនាន់ឆ្នាំ ១៩៩០ រហូតដល់ខ្ទង់ឆ្នាំ ២០០០ ជាងនោះ មិនថាតែទៅលើទឹកដមសំឡេងប៉ុណ្ណោះទេ សូម្បីតែរូបសម្រស់ និង ការលេងស្ទីលសម្តែងលើឆាកតន្រ្តីម្តងៗរបស់បងប្អូនស្រីទាំង ២ រូបនេះ ក៏បានឆក់យកបេះដូងអ្នកគាំទ្រមិនស្ទើរដែរ ។
បើតាមការចងចាំមិនភ្លេចនោះ បងប្អូនស្រីត្រកូល ឌីកាន ត្រូវបានគេស្គាល់ និង ចាប់ផ្តើមល្បីខ្លាំងតាមរយៈបទ «MAKARENA» និង បទ «PARA RA RA BOOM» និង មានបទមួយចំនួនទៀត ដែលបានស្ទួយឱ្យកេរ្តិ៍ឈ្មោះតារាចម្រៀងជាបងប្អូននេះ បានល្បីល្បាញខ្លាំងទូទាំងប្រទេសនោះ ។
ខណៈពេលកំពុងល្បីល្បាញខ្លាំង ស្រាប់តែនៅអំឡុងឆ្នាំ ២០០៥ តារាចម្រៀងបងប្អូនត្រកូល ឌីកាន ទាំង ២ បានស្ងាត់ឈឹងពីពិភពសិល្បៈតែម្តង ។ បើតាមការឱ្យដឹងពីទំព័រហ្វេសប៊ុក Movie Star Research របស់អ្នកនាង ស៊ិន ឧត្តមផល្លា បង្ហាញថា អ្នកនាង ឌីកាន កុល្លីន ដែលជាបងស្រីបានលាឈប់សិល្បៈតាំងពីឆ្នាំ ២០១៤ មកម៉្លេះ និង បានចេញទៅរស់នៅសហរដ្ឋអាមេរិកយ៉ាងសុខសាន្ត ហើយចំពោះអ្នកនាង ឌីកាន សុភនាថ ជាប្អូនស្រីគឺកំពុងរស់នៅក្នុងប្រទេសកម្ពុជា ក្រោយរៀបការជាមួយលោក ម៉ម មិថុនា ជាអ្នកនិពន្ធបទភ្លេងនៅក្រុមហ៊ុនហង្សមាសនៅឆ្នាំ ២០០២ និង មានមុខរបរបើកហាងអ៊ុតសក់ និង លក់សំលៀកបំពាក់ ។
គួរឱ្យដឹងដែរថា តារាចម្រៀងបងប្អូនស្រី ត្រកូល ឌីកាន គឺជាកូនស្រីអតីតតន្ត្រីករ យិន ឌីកាន និង បានចូឡប្រឡូកសិល្បៈក្នុងឆ្នាំ ១៩៩៥ ហើយតារាចម្រៀងស្រីទាំង ២ នាកបងប្អូននេះ ត្រូវបានគេឃើញថាជាតារាចម្រៀងពូកែច្រៀង និង រាំបានយ៉ាងស័ក្តិសមបំផុត ប៉ុន្តែមកដល់ឆ្នាំ ២០០៥ វត្តមានតារាចម្រៀងទាំង ២ នាក់បងប្អូននេះ ចាប់ផ្តើមស្ងាត់ម្តងបន្តិចៗពីពិភពសិល្បៈ រហូតដល់បច្ចុប្បន្ន ៕