ចាំទេ? អ៊ឹង ជុងហ៊ាង តារាចម្រៀងនិយមបទភាសាចិន ល្បីអំឡុងឆ្នាំ ២០០០ ឥលូវបាត់មុខឈឹង
លោក អ៊ឹង ជុងហ៊ាង ត្រូវបានអ្នកគាំទ្រខ្មែរកាលពីជំនាន់ចុងឆ្នាំ ៩០ និង ដើមឆ្នាំ ២០០០ នោះ បានដាក់រហស្សនាមឱ្យជាតារាចម្រៀងប្រុសភ្នែកតូចដូចកូនកាត់ចិន ដោយសារតែតារាចម្រៀងប្រុសរូបនេះនិយមចូលចិត្តច្រៀងបទជាភាសាចិនច្រើនជាភាសាជាតិ ហើយរាល់ការបកស្រាយចម្រៀងជាភាសាចិននោះ លោកតែងទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន ។
កេរ្តិ៍ឈ្មោះរបស់តារាចម្រៀងភ្នែកតូច និយមច្រៀងបទជាភាសាចិន អ៊ឹង ជុងហ៊ាន បានឡើងដល់កម្រិតមួយមានភាពល្បីល្បាញស្ទើរទូទាំងប្រទេស ដោយជំនាន់នោះតារាចម្រៀងប្រុសរូបនេះបានបាចសាចភាពល្បីល្បាញរបស់ខ្លួនតាមរយៈការឡើងឆាកប្រគំតន្ត្រី និង កម្មវិធីកម្សាន្តនានា ដោយមានដៃគូចម្រៀងយ៉ាងស័ក្តិសមគឺជាអ្នកនាង ស៊ិន ឧត្តមផល្លា ហើយសម្រាប់ប៉ុស្តិ៍ទូរទស្សន៍ដែលលោកឧស្សាហ៍ឡើងបង្ហាញវត្តមាននោះ មានដូចជា ប៉ុស្តិ៍លេខ ៥ ប៉ុស្តិ៍លេខ ៣ និង ប៉ុស្តិ៍លេខ ៩ ជាដើម ។
តើមកទល់នឹងបច្ចុប្បន្ននេះ តារាចម្រៀង អ៊ឹង ជុងហ៊ាង បានទៅដល់ទីណាហើយ និង មានសុខទុក្ខយ៉ាងណាដែរ ក្រោយស្ងាត់ដំណឹងពីពិភពសិល្បៈនោះ?
បើតាមការបង្ហើបពីអ្នកនាង ស៊ិន ឧត្តមផល្លា ដែលជាអតីតដៃគូចម្រៀងរបស់លោក អ៊ឹង ជុងហ៊ាង តាមរយៈទំព័រហ្វេសប៊ុកផេក Movie star research បានឱ្យដឹងថា បច្ចុប្បន្ននេះ តារាចម្រៀង អ៊ឹង ជុងហ៊ាង គឺមានសុខទុក្ខជាធម្មតាទេ និង កំពុងរស់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងជីវភាពមួយសមរម្យ ហើយក្រៅពីមុខរបរផ្ទាល់ខ្លួន តារាចម្រៀងភ្នែកតូចដូចកូនកាត់ចិននេះ ក៏នៅតែចាប់អាជីពជាតារាចម្រៀងដដែល ក្នុងនោះលោកក៏មានក្រុមតន្ត្រីផ្ទាល់ខ្លួនសម្រាប់ជួលក្នុងកម្មវិធីផ្សេងៗផងដែរ ។
គួរឱ្យដឹងដែរថា តារាចម្រៀង អ៊ឹង ជុងហ៊ាន បានរៀបអាពាហ៍ពិពាហ៍រួចមកហើយជាមួយនារីស្រស់ស្អាតម្នាក់ ហើយសព្វថ្ងៃនេះលោកមានវ័យប្រមាណ ៤២ ឆ្នាំហើយ ហើយជាមួយនឹងចំណងដៃអាពាហ៍ពិពាហ៍នេះដែរ លោកទទួលបានកូនប្រុសម្នាក់មានមុខមាត់គួរឱ្យស្រឡាញ់ណាស់ និង ពេលនេះកំពុងរស់នៅពោរពេញដោយសុភមង្គល ៕