តារាល្បីច្រើនដួងនេះ សំណាងណាស់ ទទួលបានចំណងដៃនៃក្ដីស្រឡាញ់ សុទ្ធតែកូនភ្លោះ!
នៅក្នុងសិល្បៈយើងសង្កេតឃើញថា មានតារាប្រុសស្រីជាច្រើនបានលះបង់ភាពនៅលីវរបស់ខ្លួន ដើម្បីមកកសាងគ្រួសារ សាងសុភមង្គល មានកូនប្រុសស្រីប្រលែងលេងពេញផ្ទះ ដែលជាចំណងដៃរវាងគូស្វាមីភរិយារបស់ពួកគេ។ ក្នុងចំណោមអ្នកសិល្បៈជាច្រើនដែលសាងគ្រួសារជាច្រើនរូប ទស្សនិកជន បានចាប់អារម្មណ៍ខ្លាំងទៅលើគ្រួសារអ្នកសិល្បៈ ៥ ដួង ដែលហាក់បីដូចជាសំណាងជាងគេ ទទួលបានចំណងដៃនៃក្ដីស្រឡាញ់ សុទ្ធតែកូនភ្លោះ។ ខាងក្រោមនេះ គឺជាតារា ៥ ដួង ដែលមានសំណាង មានកូនភ្លោះប្រលែងលេងក្នុងគ្រួសារ ៖
១. ពិធីការិនី មាស ម៉ូលីណា
ពីធីការិនីមិនចេះចាស់ មាស ម៉ូលីណា បានសម្រាលកូនប្រុសភ្លោះ កាលពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១០ កន្លងទៅ។ ទោះបីជាពេលនេះ ជីវិតគ្រួសារបានឈានដល់ផ្លូវបំបែកជាមួយអតីតស្វាមីក៏ដោយ តែសម្រាប់អ្នកនាង មាស ម៉ូលីណា ពេលនេះមានភាពរឹងមាំ ថែមទាំងបានដើរតួនាទី មើលថែទាំកូនៗទាំង ៣ បានយ៉ាងល្អ និង ផ្ដល់ភាពកក់ក្ដៅដល់កូនៗជានិច្ច។
២. ចំណងស្នេហារវាង តារាសម្ដែង សុវណ្ណ មករា និង ពិធីការិនី ឈិន សុធារី
អតីតគូស្នេហ៍តារាល្បីមួយគូនេះ បានចូលរោងការជាមួយគ្នា កាលពីថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៥ កន្លងទៅ និង ទទួលបានចំណងដៃកូនភ្លោះ ប្រុស ស្រី មួយគូ ដែលបានសម្រាលនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៦។ តែអ្វីដែលសោកស្ដាយ ចំណងស្នេហ៍អ្នកសិល្បៈត្រូវបានប្រេះឆា ដល់ផ្លូវបំបែក កាលពីអំឡុងខែ មេសា ឆ្នាំ ២០១៧ ។ បច្ចុប្បន្ន អ្នកសិល្បៈគូនេះ ក៏តែងបំពេញ តួនាទី ជាឪពុក ម្ដាយ សម្រាប់កូនៗ យ៉ាងកក់ក្ដៅ ទោះបីជាអ្នកទាំងពីរបែកគ្នាក៏ដោយ។
៣. តារាកំប្លែកនាយ ក្រឹម និង ស្រីលាភ
តារាកំប្លែងចាស់វស្សា នាយក្រឹម ក្រោយពីបានបង្ហាញជាសារធារណៈនូវចំណងស្នេហ៍របស់ខ្លួនជាមួយ ស្រីលាភ រួចមក មហាជនមានការចាប់អារម្មណ៍ជាខ្លាំងពីជីវិតឯកជនរបស់អ្នកទាំងពីរ។ លើសពីនេះទៀតនោះ បន្ទាប់ពីអ្នកទាំងពីរ បានរួមរស់ជាមួយគ្នាយ៉ាងមានសុភមង្គល ក្រោយមកនៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧ ក៏ទទួលបានចំណងដៃនៃក្ដីស្រឡាញ់ គឺកូនភ្លោះស្រីដ៏គួស្រឡាញ់ ២ នាក់។
៤. តារាសម្ដែង ឈិត សុជាតា
ទោះបីជាមហាជនមិនបានលេចឮដំណឹងថា អតីតតារាសម្ដែងសាច់សខ្ចី ឈិត សុជាតា រូបនេះ បានចូលរោងការតាំងពីពេលណាក៏ដោយ តែចំណងស្នេហ៍របស់តារាស្រីដ៏ស្រស់ស្អាតនេះ ហាក់មានសុភមង្គលយ៉ាងខ្លាំង។ ក្រោយរួមរស់ ដ៏សុខសាន្ដ ក្នុងជីវិតគូ បច្ចុប្បន្ន ឈិត សុជាតា មានកូនភ្លោះ ប្រុស ស្រី ដ៏គួរឱ្យស្រឡាញ់ និង មានភាពវ័យឆ្លាតណាស់។
៥. តារាសម្ដែង ជុំ ស៊ីថា
បន្ទាប់ពីបានរៀបការជាមួយភរិយា ដែលមានសម្រស់ស្រស់សោភារួចមក អតីតតារាសម្ដែង ជុំ ស៊ីថា ក៏បានស្ងប់ស្ងាត់លើវិថីសិល្បៈ ប៉ុន្តែ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ មហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបានក្លាយជាតារាប្រុសដំបូង ដែលមានកូនភ្លោះរហូតដល់ទៅ ៣ នាក់ឯណោះ។ ក្នុងនោះផងដែរ គឺមានកូនប្រុស ២ នាក់ និង ស្រី ១ នាក់៕