បាត់មុខឈឹងពីសិល្បៈ តាមពិត ឌៀប ស្រីរ័ត្ន សំងំប្រើជីវិតយ៉ាងសាមញ្ញ
បើគិតមកដល់ពេលនេះ មានរយៈពេលប្រមាណជា ២០ ឆ្នាំហើយ ដែលអ្នកគាំទ្រមិនសូវជាឃើញវត្តមានតារាចម្រៀង ឌៀប ស្រីរ័ត្ន ។ អ្នកនាង ឌៀប ស្រីរ័ត្ន មិនត្រឹមតែជាតារាចម្រៀងល្បីកាលពីអំឡុងចុងឆ្នាំ ១៩៩០ ដល់ដើមឆ្នាំ ២០០០ ប៉ុណ្ណោះទេ ប៉ុន្តែអ្នកនាងក៏ជាពិធីការិនីល្បីមួយរូបក្នុងកម្មវិធីកម្សាន្តនានាប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ផងដែរ ។
អស់រយៈកាលជាច្រើនឆ្នាំមកនេះ តារាចម្រៀងល្បីល្បាញ ចុងឆ្នាំ ១៩៩០ រហូតដល់ឆ្នាំ ២០០០ អ្នកនាង ឌៀប ស្រីរ័ត្ន បានបន្សាត់ខ្លួនចេញឆ្ងាយពីពិភពសិល្បៈ ពីឆាកតន្ត្រី ធ្វើឱ្យអ្នកនិយមគាំទ្រស្ទើរតែភ្លេចមុខរបស់អ្នកនាងបាត់ទៅហើយ ។ ស្របពេលជាមួយមិនសូវមានមុខលើសង្វៀនសិល្បៈរបស់អ្នកនាង ឌៀប ស្រីរ័ត្ន នេះ បើតាមប្រភពហ្វេសប៊ុក Movies star Research បានទម្លាយឱ្យដឹងថា សព្វថ្ងៃនេះអ្នកនាង ឌៀប ស្រីរ័ត្ន នៅតែបន្តអាជីពជាអ្នកសិល្បៈដដែល គ្រាន់មិនសូវប្រឡូកខ្លាំងដូចមុន ។
ទាក់ទងនឹងរឿងរ៉ាវនេះដែរ អ្នកនាង ឌៀប ស្រីរ័ត្ន ផ្ទាល់ដែលបានធ្វើបទសម្ភាសជាមួយសារព័ត៌មានមួយកាលពីកន្លងទៅនោះបានទទួលស្គាល់ថា ខ្លួននៅតែចាប់អាជីពសិល្បៈ និង ច្រៀងនៅតាមកម្មវិធីផ្សេងៗជាធម្មតា ដោយខ្លួនមិនបានចោលអាជីពនោះទាំងស្រុងឡើង ប៉ុន្តែគ្រាន់តែមិនសូវចំណាយពេលទាំងស្រុងទៅអាជីពនោះដែរ ។ ការប្រឡូកសិល្បៈមិនសូវជាពេញដៃពេញជើងនេះដែរ បើតាមការឱ្យដឹងពីហ្វេសប៊ុក Movies star Research ថា អ្នកនាងបានយកពេលនោះទៅមើលការងារក្នុងក្រុមហ៊ុនផ្ទាល់ខ្លួន គឺក្រុមហ៊ុនផលិតឆត្រ ។
បើនិយាយពីរូបសម្រស់វិញ ទោះបីជាមានវ័យប្រមាណជាង ៤០ ឆ្នាំទៅហើយក្តី ប៉ុន្តែអ្នកនាង ឌៀប ស្រីរ័ត្ន មើលទៅហាក់មិនសូវមានភាពប្រែប្រួលរូបសម្រស់ប៉ុន្មានឡើយ ពោលគឺអ្នកនាងនៅតែមានភាពស្រស់ស្អាត និង ទាក់ទាញមួយបែបថ្មីទៀត ។
គួរឱ្យដឹងដែរថា អ្នកនាង ឌៀប ស្រីរ័ត្ន គឺជាតារាចម្រៀងដ៏ល្បីល្បាញក្នុងទសវត្សរ៍ ៩០-២០០០ ដែលត្រូវបានគេចាត់ទុកជាតារាយេយេម្នាក់និយមច្រៀងបទញាក់កន្រ្តាក់អារម្មណ៍ ពិសេសគឺអាចច្រៀងបទជាភាសាអង់គ្លេសបានយ៉ាងល្អ និង ធ្លាប់ធ្វើជាពិធីការនីដ៏ប៉ិនប្រសប់ នៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ និង ប៉ុស្តិ៍លេខ ៩ ផងដែរ ៕