តារាចម្រៀង គង់ ចំរើន បង្ហោះសារហាក់អន់ចិត្តខ្លាំង ក្រោយជួបរឿងបែបនេះ!
ថ្វីដ្បិតជាតារាចម្រៀងពន្លកថ្មីនៅក្នុងផលិតកម្មហង្សមាសក៏ពិតមែនតែ គង់ ចំរើន ក៏ទទួលបានការគាំទ្រ ពីសំណាក់មហាជនជាច្រើនផងដែរ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ តារាចម្រៀងរូបនេះ បានសម្តែងអារម្មណ៍អាក់អន់ស្រពន់ចិត្ត ក្រោយជួបរឿងហួសចិត្តមួយ។
បើទោះមិនមានជារឿងធំដុំខ្លាំងក៏ពិតមែនតែតារាចម្រៀង គង់ ចំរើន បានបង្ហាញអារម្មណ៍ហួសចិត្ត ដោយលោកបានបង្ហោះសារបែបចាក់ដោតថា «អរគុណបងប្អូនដែលមិនបានចូលរួម តែម្តងម្នាក់ទេ»។
សម្រាប់មូលហេតុវិញ អ្នកគាំទ្រដាក់ការសង្ស័យថា គង់ ចំរើន បង្ហោះសារនេះឡើងក្រោយពីលោកបាន អាក់ អន់ស្រពន់ចិត្ត នឹងរឿងកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ ដោយក្រុមគ្រួសាររបស់លោក មានរៀបចំកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់បងស្រី តែគួរឱ្យស្តាយ ភ្ញៀវដែលលោកអញ្ជើញមួយចំនួន បានអវត្តមាននៅក្នុងកម្មវិធីពិសេសនោះ។
សូមបញ្ជាក់ថា គង់ ចំរើន ត្រូវបានគេស្គាល់ថាជា បេក្ខជនលេចធ្លោម្នាក់ នៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia ហើយទោះមិនទទួលជ័យលាភី តែលោកក៏មានឱកាសបានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មខ្នាតយក្សមួយនេះ ដោយស្វ័យប្រវត្តិ។ បច្ចុប្បន្ន លោកក៏មានបទចម្រៀងផ្ទាល់ខ្លួនជាច្រើនបទផងដែរ៕