នេះជាព្រឹត្តិការណ៍ធំៗ ៣ កក្រើកពិភពសិល្បៈ កាលពីឆ្នាំ ២០២០
ក្នុងពិភពសិល្បៈមួយរយៈចុងក្រោយនេះ គេកត់សម្គាល់ឃើញមានរឿងរ៉ាវប្លែកៗជាច្រើន ដែលធ្វើឱ្យមហាជនជក់ចិត្តដិតអារម្មណ៍តាមដានសឹងតែភ្លេចបាយភ្លេចទឹក ព្រោះចង់ដឹងការពិតថា ដំណើររឿងបន្តបន្ទាប់ទៅជាយ៉ាងណា ។ ក្នុងចំណោមរឿងរ៉ាវរបស់សិល្បករ-ការិនីឆ្នាំ ២០២០ នេះ មានព្រឹត្តិការណ៍ចំនួន ៣ ធ្វើឱ្យកក្រើកពិភពសិល្បៈ បង្កឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើលខ្លាំងបំផុត ដែលព្រឹត្តិការណ៍ទាំង ៣ នោះ មានដូចជា ៖
១- មាស សុខសោភា ប្រកាសដើរចេញពីផលិតកម្មថោន
នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅ ទស្សនិកជន អ្នកគាំទ្រ ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីកំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញ មាស សុខសោភា ស្រាប់តែប្រកាសចាកចេញពីផលិតកម្មថោន ដែលកន្លងមកមហាជនសុទ្ធតែដឹងច្បាស់ថា នាងគឺជាគ្រាប់ពេជ្រដ៏សំខាន់ប្រចាំផលិតកម្មមួយនេះ និង បានជ្រកក្រោម្លប់ផលិតកម្មខាងលើអស់រយៈពេលដល់ទៅ ៩ ឆ្នាំ ឯណោះ ។
២-ជម្លោះរវាង ខេម និង ផលិតកម្មថោន
ជម្លោះដ៏ក្ដៅគគុករវាងតារាចម្រៀង ខេម និង ផលិតកម្មថោន បានធ្វើឱ្យមហាជនតាមដានមិនដាច់ភាគទាំងយប់ទាំងថ្ងៃ ដោយនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០ ផលិតកម្មថោន បានចេញសេចក្ដីជូនដំណឹងកោះហៅលោក ខេម ដើម្បីដោះស្រាយ និង បកស្រាយរឿងកិច្ចសន្យារវាងពួកគេ ខណៈតារាចម្រៀង ខេម បានចាកចេញទៅច្រៀងនៅផលិតកម្មផ្សេងទាំងនៅជាប់កុងត្រាជាមួយផលិតកម្មថោននៅឡើយ ។ ដ្បិតថាចុងក្រោយ ជម្លោះនេះបញ្ចប់ដោយសន្តិវិធី ប៉ុន្ដែមុនបញ្ចប់ ខេម និង ផលិតកម្មថោន បានបញ្ចេញសារលើហ្វេសប៊ុកទម្លាយសាច់រឿងផ្ទៃក្នុងរវាងគ្នាគ្មានសល់ ។
៣- ព្រាប សុវត្ថិ ចេញពីផលិតកម្មរស្មីហង្សមាស
រំលងតែមួយថ្ងៃក្រោយផលិតកម្មថោន ប្រកាសឱ្យតារាចម្រៀង ខេម ចូលខ្លួនដោះស្រាយរឿងកិច្ចសន្យា ពោលគឺនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ ផលិតកម្ម Galaxy បានបើកសន្និសីទដ៏ធំសម្បើម ប្រកាសទទួលស្វាមីកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលមកកាន់ផលិតកម្មរបស់ខ្លួន ។ ការប្រកាសដើរចេញពីផលិតកម្មយក្ស រស្មីហង្សមាស របស់កំពូលតារាចម្រៀងប្រុសខាងលើ បង្កឱ្យមហាជនភ្ញាក់ផ្អើលសឹងមិនគួរឱ្យជឿ ព្រោះថាលោកធ្លាប់ជាអធិរាជនៅក្នុងផលិតកម្មមួយនេះដល់ទៅជាង ២០ ឆ្នាំមកហើយ ៕