លើកទីមួយ ភរិយាលោក ជា សំណាង ហ៊ានបញ្ចេញអារម្មណ៍ពិតបែបនេះ ចំពោះស្វាមី!
ពាក្យចាស់ពោលថា ស្នេហ៍វ័យចំណាស់ ចេះថ្នាក់ថ្នមចិត្ត ពិតជាមិនខុសទេ ព្រោះពេលនេះ ភរិយារបស់តារាសម្តែងលោក ជា សំណាង បានបង្ហាញអារម្មណ៍ជាលើកដំបូងចំពោះស្វាមី ក្រោយរួមរស់ជាមួយគ្នាប្រមាណជាងមួយឆ្នាំ ។
គេចាំបានថា តារាសម្តែងវ័យ ៥០ ឆ្នាំ លោក ជា សំណាង បានរៀបការជាមួយតារាម៉ូដែល និង សម្តែង វ័យក្មេងដ៏ស្រស់ស្អាត កាលពីចុងឆ្នាំ ២០១៩។ ហើយរយៈពេលប៉ុន្មានខែក្រោយមក ភរិយារបស់លោកក៏សម្រាលបានកូនស្រីម្នាក់ ដែលមានមុខមាត់ដូចលោកបេះបិត និង បានដាក់ឈ្មោះថា ជា ពុទ្ធិរ៉ាវត្តី។
បើទោះជាមានភរិយាវ័យក្មេងស្រស់ស្អាត តែគេកម្រឃើញ តារាសម្តែង ជា សំណាង បង្ហាញរូបភាពផ្អែមល្ហែម ឬ បណ្តើរភរិយាទៅចូលរួមនៅក្នុងកម្មវិធីនានាដូចតារាដទៃឡើយ។ ដោយឡែក បើក្រឡេកមើលជីវិតគូរបស់លោក និង ភរិយា វិញពិតជាផ្អែមល្ហែម ព្រមទាំងមានសេចក្តីសុខយ៉ាងខ្លាំង។
អ្វីដែលចាប់អារម្មណ៍ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០ នេះ គឺជាថ្ងៃខួបកំណើតរបស់លោក ជា សំណាង ហើយគេសង្កេតឃើញថា នេះក៏ជាលើកដំបូង ដែលបានឃើញភរិយារបស់លោកបានបញ្ចេញពាក្យពេចន៍ជាលើកដំបូងសរសើរចំពោះស្វាមី ដោយសរសេររៀបរាប់ថា «Happy birthday bong មនុស្សប្រុសម្នាក់នេះដែលគួរឱ្យគោរពបំផុត គាត់លំបាកមិនដែលប្រាប់យើងទេ គាត់តែង តែធ្វើ ដើម្បី គ្រួសារ បងប្អូន គាត់ដើរតួនាទីជាឱពុកផង ជាបងប្រុស ជាស្វាមី ហើយក៏អរគុណសម្រាប់គ្រប់យ៉ាង Love you baby»។
ការលើកឡើងរបស់តារាបង្ហាញម៉ូដ ម៉ូម៉ូ ដែលជាភរិយារបស់លោក ជា សំណាង បែបនេះ បានធ្វើឱ្យមហាជនក៏ដូចជាអ្នកគាំទ្របានសរសើរលោក ជា សំណាង ខ្លាំងឡើង ចំពោះការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាមេគ្រួសារដ៏គំរូម្នាក់៕
រូបថត ៖ ហ្វេសប៊ុក