សង្ស័យ អេដា ជិតមានដំណឹងល្អ ក្រោយទៅកក់សម្អាងការមួយ!
មហាជនពិតជាបានដឹងហើយថា ចំណងស្នេហ៍របស់តារាចម្រៀង Original Song អេដា និង គូស្នេហ៍ជាជនជាតិអាមេរិកកាត់ខ្មែរនោះ កាន់តែផ្អែមល្ហែម និង ស៊ីជម្រៅ ក្រោយពីពួកគេបានស្វែងយល់ ចិត្តថ្លើមគ្នាមួយរយៈពេល ហើយក៏សង្ស័យថាអ្នកទាំងពីរគ្រោងនឹងដឹកដៃគ្នាចូលរោងជ័យទៅតាមប្រពៃណិខ្មែរទៀតផង។
បើតាមការបង្ហោះរបស់ម្ចាស់សម្អាងការល្បីមួយលោក Deedaniel បានបង្ហោះរូបភាពជាមួយ អេដា រួមនឹងការលើកឡើងថា «អុញនោះស្ងាត់ៗ អាយដល មកកក់សម្អាងការ»។ បើទោះលោកមិនបាននិយាយ លម្អិតចំពោះរឿងនេះ តែគេសង្កេតឃើញថាមានមិត្តភក្តិក្នុងសិល្បៈ និង អ្នកគាំទ្រជាច្រើនសុទ្ធតែសម្តែងការអបអរសាទរ ហើយជឿជាក់ថា អេដា ប្រហែលជាដល់ពេលដែលត្រូវចូលរោងការនៅក្នុងឆ្នាំ ២០២១ ខាងមុខនេះហើយ ព្រោះនរណាក៏ដឹងថាពេលនេះចំណងស្នេហ៍នាង និង គូស្នេហ៍កាន់តែស្អិតល្មួត។
គួរបញ្ជាក់ផងដែរថា អេដា ធ្លាប់មានជីវិតគូមិនសមប្រកបម្តងរួចមកហើយ តែក្រោយពីបានជួបជាមួយ ដៃគូថ្មី គេសង្កេតឃើញថាតារាចម្រៀងរូបនេះ កាន់តែមានភាពស្រស់ស្រាយ និង ពោរពេញទៅដោយក្តីសុខ។ ជារឿយៗ អ្នកទាំងពីរ តែងបង្ហាញរូបភាពផ្អែមល្ហែមនៅក្នុងដំណើរកម្សាន្តទាំងក្នុងប្រទេស និង ក្រៅប្រទេស ហើយបើទោះមិនទាន់រៀបការក្តី តែអ្នកទាំងពីរបានបើកមុខជំនួញរួមគ្នា ដោយចំណាយដើមទុនជាច្រើនម៉ឺនដុល្លារថែមទៀត កាលពីពេលកន្លងមកនេះ៕
រូបថត ៖ ហ្វេសប៊ុក