កាន់តែស្រឡាញ់ អៀ ម៉េងលិ ចាប់ផ្តើមហៅគូស្នេហ៍ថាប្តីពេញៗមាត់!
បើទោះមិនទាន់រៀបចំពិធីប្រពៃណីក៏ពិតមែន តែចំណងស្នេហ៍របស់តារាសម្តែងរូបស្រស់ អៀ ម៉េងលិ និង គូស្នេហ៍ជាបុរសសង្ហាវ័យក្មេង ដែលជានិស្សិតដែលទើបត្រឡប់មកពីបន្តការសិក្សា នៅបរទេសនោះ កាន់តែល្អូកល្អើន ផ្អែមល្ហែមសម្បើមណាស់។
ជារឿយៗ អៀ ម៉េងលិ តែងបង្អួតរូបភាពផ្អែមល្ហែមជាមួយគូស្នេហ៍ នៅពេលនាងទៅដើរលំហែរ នៅតាមតំបន់នានាមិនថាក្នុងស្រុក ឬ ក្រៅស្រុកនោះទេ។ ហើយរូបភាពកន្លងមក៏បានធ្វើឱ្យហ្វេនៗមិនតិចទេច្រណែន នឹងចំណងស្នេហ៍មួយនេះ។
អ្វីដែលចាប់អារម្មណ៍នោះ ពេលនេះ អាចចាត់ទុកថាជាលើកដំបូងដែលគេបានឃើញតារារូបស្រស់ម្នាក់នេះកាន់តែបើកចំហដោយប្រើពាក្យហៅ ម្ចាស់ស្នេហ៍ សុទ្ធតែ «ប្តី» ពេញមាត់។ ទោះបីយ៉ាងនេះក្ដី ក៏មានការបង្ហើបថា ការហៅបែបនេះ មិនមានអ្វីជាបញ្ហាទេ ព្រោះចំណងស្នេហ៍របស់អ្នកទាំងពីរ ក៏មានការទទួលស្គាល់ និង ដឹងឮពីសំណាក់ចាស់ទុំហើយដែរ។
សូមបញ្ជាក់ថា អៀ ម៉េងលិ ត្រូវបានគេចាត់ទុកជាតារាសម្តែង ដែលមានសម្រស់ស្អាត ហើយការតុបតែងខ្លួន ក៏ទាន់សម័យនិង សិចស៊ីមិនធម្មតាដែរ។ ពេលនេះ នាងក៏ក្តោបបានតំណែងអ្នកតំណាងឱ្យផលិតផលរក្សាសម្រស់មួយ ដោយទទួលតម្លៃខ្លួនខ្ពស់ផងដែរ។ ដោយឡែក ដោយសារតែមិនសូវមានពេលវេលាគ្រប់គ្រាន់ អៀ ម៉េងលិ មិនដែលលេចមុខនៅក្នុងការសម្តែងរឿងឡើយ ភាគច្រើននាងទទួលសម្តែងតែស្ប៉តពាណិជ្ជកម្ម និង MV ប៉ុណ្ណោះ៕
រូបថត ៖ ហ្វេសប៊ុក