រៀបការហើយ ខ្លះមានដល់កូន តែតារាចម្រៀង ៦ ដួងនេះ នៅតែខ្លាំងគ្មានអ្នកបំបាក់បាន
ជីវិតតារាមួយចំនួននៅលើវិថីសិល្បៈ នៅពេលដែលពួកគេបានរៀបការសាងគ្រួសារថ្មីរួចហើយ មានអ្នកខ្លះក៏បានស្ងប់ស្ងាត់ពីសិល្បៈ លែងមានភាពល្បីល្បាញដូចមុន ពេលខ្លះ ដោយសាររវល់នៅក្នុងមុខរបរជំនួញ ឬ មើលថែទាំគ្រួសារ ដែលមិនអាចឆ្លៀតពេលមកប្រឡូកនៅក្នុងសិល្បៈ រហូតដល់មានតារាមួយចំនួនទៀតថែមទាំងបាត់មុខពីសិល្បៈតែម្ដង។
ដោយឡែក បើយើងក្រឡេកទៅមើលតារាស្រី ៦ ដួងនេះវិញ ទោះបីជាពួកគេបានរៀបការ ហើយអ្នកខ្លះថែមទាំងមានកូនប្រលែងលេងទៀតនោះ តែបើនិយាយពីភាពល្បីល្បាញវិញគឺអាចនៅរក្សាកេរ្ដិ៍ឈ្មោះ បោះសំឡេងឈរជើងនៅក្នុងវិស័យសិល្បៈមួយនេះបានដដែល ថែមទាំងគ្មានអ្នកណាអាចបំបាក់ភាពល្បីល្បាញមួយនេះបានឡើយ។
១. តារាចម្រៀង ឱក សុគន្ធកញ្ញា
តារាស្រីរូបនេះបានរៀបការកាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩ កន្លងទៅ។ ទោះបីជាបានរៀបការហើយ ថែមទាំងមានកូនប្រុសមួយក៏ពិតមែន តែនាងនៅតែអាចរក្សាប្រជាប្រិយភាពរបស់ខ្លួនឱ្យឈរនៅលំដាប់កំពូលលើវិស័យមួយនេះបានយ៉ាងល្អ ដែលគ្មានសិស្សប្អូនមួយណាអាចបំបាក់បានឡើយ។
២. តារាចម្រៀង សុគន្ធ និសា
បន្ទាប់ពីចូលរោងជ័យ នៅថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៧ យើងសង្កេតឃើញថា តារាស្រីរូបនេះនៅតែមានឈ្មោះល្បីល្បាញខ្លាំង។ ក្នុងនោះ រាល់ពេលចេញបទចម្រៀងថ្មីៗជារឿយៗ គេតែងឃើញមានសន្ទុះនៃការគាំទ្រខ្លាំងមិនណយទេ។ មិនតែប៉ុណ្ណោះ ទីផ្សារសិល្បៈដូចជា ការសម្ដែងក្នុងខ្សែភាពយន្ដ ឬ ស្ប៉តពាណិជ្ជកម្មនានា គឺនៅតែមានការពេញនិយមដដែល។
៣. តារាចម្រៀង យក់ ថិតរដ្ឋា
អ្នកនាង យក់ ឋិតរដ្ឋា និង លោក ឃុំ ប៊ុណ្ណាដេត បានសម្រេចចិត្តដឹកដៃគ្នាចូលរោងជ័យ កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៦។ បើទោះបីជាតារាស្រីរូបនេះបានរៀបការអស់រយៈពេលជាង ១០ ឆ្នាំ និង ព្រមទាំងមានកូនរហូតទៅដល់ ៣ នាក់ហើយក្ដី ក៏កេរ្ដិ៍ឈ្មោះ របស់តារាចម្រៀង រូបនេះ នៅតែស្ថិតនៅក្នុងក្រអៅបេះដូងរបស់អ្នកគាំទ្រជានិច្ច។ ជារឿយៗ គេតែងឃើញ ម្ចាស់បទ «ស្រឡាញ់គេយ៉ាងម៉េច បើភ្លេចបងមិនបាន» តែងតែបង្ហាញខ្លួន នៅតាមឆាកប្រគុំតន្ដ្រីនានា ព្រមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទៀតផង។
៤. តារាចម្រៀង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា សម្រេចចិត្តទទួលយកលោក ឡៅ ឆាលី ដែលជាអាណិកជនអាមេរិក ធ្វើជាស្វាមី និង ក្រាបផ្ទឹមមង្គលការជាគូស្វាមីភរិយាពេញច្បាប់ទៅតាមប្រពៃណីខ្មែរដោយបានបញ្ចប់ភាពនៅលីវរបស់ខ្លួន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៥ កន្លងមក។ ទោះបីជានាងជួបស្នេហ៍មិនសមបំណង ដោយតារាស្រីរូបនេះ ធ្លាប់រៀបការ និង បានលែងលះជាមួយស្វាមីក៏ដោយ តែចំពោះប្រជាប្រិយភាពរបស់នាងវិញ នៅតែខ្លាំងមិនងាយមានសិស្សប្អូនណាបំបាក់បានទេ។ ពីមួយថ្ងៃទៅមួយថ្ងៃ ម្ចាស់បទ «អូនទៅហើយ» រូបនេះ តែងតែខិតខំរិះរក នូវអ្វីដែលថ្មីបំផុតសម្រាប់អ្នកគាំទ្ររបស់ខ្លួន មិនថា ក្បាច់រាំ ការច្រៀង និង ស្ទីលតុបតែងខ្លួនជាដើម។
៥. តារាចម្រៀង សួស វីហ្សា
សួស វីហ្សា ជាតារាស្រីមួយរូប ដែលមានឈ្មោះបោះសំឡេងខ្លាំង នៅក្នុងផលិតកម្មរស្មីហង្សមាសមួយរូប។ កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ តារាស្រីរូបនេះ បានសម្រេចចិត្តចូលរោងការជាមួយនឹង លោក ថមមី ព្រមទាំងបានទទួលចំណងដៃកូនស្រីមួយរូបដ៏ស្រស់ស្អាតថែមទៀតផង។ យ៉ាងណាមិញ ទោះបីជាតារាស្រីរូបនេះបានរៀបការរួចហើយក្ដី តែបើក្រឡេកទៅមើលពី ជីវិតឯកជនរបស់នាងវិញ គឺនៅតែទទួលបានចំណាប់អារម្មណ៍ខ្លាំងពីមហាជន។
៦. តារាចម្រៀង សុខ ស្រីនាង
សុខ ស្រីនាង និង លោក ស៊ីសុវត្ថិ អតីតតារាចម្រៀងរួមផលិតកម្ម KH បានដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១១ នៅវិមានចរណៃចេនឡា ក្រោយស្រឡាញ់គ្នាអស់រយៈពេល៥ឆ្នាំ។ យ៉ាងណាមិញ ក្រោយរួមរស់ជាមួយគ្នាយ៉ាងស្ងប់ស្ងាត់អស់រយៈពេលជាងមួយឆ្នាំ ស្រាប់តែផ្ទុះនូវចំណងស្នេហ៍ប្រេះឆា ហើយគ្រានោះ សុខ ស្រីនាង បានចេញមុខបកស្រាយថា មកពីពួកគេនៅក្មេងៗពេក រស់នៅមិនចុះសម្រុងនឹងគ្នា។ ដោយឡែក មកទល់ពេលបច្ចុប្បន្ននេះ តារាស្រីរូបស្រស់នេះ នៅតែអាចក្ដោបបានទីផ្សារសិល្បៈខ្ពស់ សាងកេរ្ដិ៍ឈ្មោះល្បីល្បាញ ប្រជាប្រិយភាពខ្លាំងទាំងការច្រៀង និង សម្ដែង៕