ចេញពីអាជីពសម្តែង ២០ ឆ្នាំ លោក ខៃ ប្រសិទ្ធិ ធ្វើឱ្យអ្នកគាំទ្រនឹករឭកខ្លាំង
ក្នុងចំណោមតួកុនខ្មែរផ្នែកបុរសជំនាន់ឆ្នាំ ៨០-៩០ លោក ខៃ ប្រសិទ្ធិ គឺជាតួអង្គប្រុសមួយរូបដ៏ល្បីល្បាញ មានទេពកោសល្យសម្តែងយ៉ាងប៉ិនប្រសប់ ដែលជាដៃគូដ៏ស័ក្តិសមជាមួយតួឯកស្រី អម្ពរ ទេវី ចាន់ តារាទី សុខ ស្រីមុំ និង ភរិយារបស់លោកគឺ ពិសិដ្ឋ ពិលីកា ជាដើម ។
បន្ទាប់ពីដកខ្លួនចេញពីពិភពសិល្បៈ ក្នុងអាជីពជាតារាសម្តែងឈរថតមុខកាមេរ៉ា និង ក្រោយពីភរិយារបស់លោកគឺអ្នកនាង ពិសិដ្ឋ ពិលីកា បានលាចាកលោកនោះ អតីតតួប្រុស ខៃ ប្រសិទ្ធិ បានសម្រេចចិត្តចាកចេញពីប្រទេសកំណើតទៅផ្ញើព្រេងវាសនារស់នៅទឹកដីប្រទេសអូស្ត្រាលី និង បានរស់នៅក្នុងជីវភាពមួយថ្មីសន្លាងមួយនៅទីនោះ ។
ទោះបីជាលោកបានចេញទៅរស់នៅប្រទេសអូស្ត្រាលីទៅហើយក្តី ប៉ុន្តែអតីតតារាប្រុស ខៃ ប្រសិទ្ធិ ក៏ធ្លាប់បានត្រលប់មកលេងប្រទេសកម្ពុជាម្តងម្កាលផងដែរ ដោយលើកចុងក្រោយដែលអតីតតារាសម្តែង ខៃ ប្រសិទ្ធិ បានត្រលប់មកលេងកម្ពុជានោះនៅដើមឆ្នាំ ២០១៩ ។ កាលពីត្រលប់មកលើកនោះ អតីតតារាសម្តែងខាងលើមិនត្រឹមតែបានមកលេងក្រុមគ្រួសារ និង ជួបមិត្តចាស់រួមអាជីពប៉ុណ្ណោះទេ គេថែមទាំងដឹងទៀតថា លោកបានមកចូលរួមថតសម្តែងក្នុងបទចម្រៀងទៀតផង ដូចជាបទ «ឪពុកអ្នកក្រ» របស់លោក សាវិន ហ្វីលីព និង បទ «ស័ង្ខសិល្បិ៍ជ័យ» ហើយអ្វីដែលពិសេសនោះគឺលោកក៏ថែមទាំងមានឈ្មោះក្នុងការងារមនុស្សធម៌ជួយដល់បងប្អូនខ្មែរថែមទៀត ។
វត្តមានភ្លឹបភ្លែតរបស់អតីតតារាជើងចាស់ ខៃ ប្រសិទ្ធិ ក្នុងពិភពសិល្បៈម្តងម្កាលនេះ បានធ្វើឱ្យមហាជនចាប់អារម្មណ៍នឹងការសម្តែងរបស់លោកយ៉ាងខ្លាំង ព្រោះទោះជាលោកខានសម្តែងអស់យ៉ាងយូរឆ្នាំពិតមែន ប៉ុន្តែការសម្តែងរបស់លោកនៅតែរស់រវើក និង ចូលតួបានល្អដដែល ដែលទាំងនេះហើយបានធ្វើឱ្យមហាជនមានក្តីនឹករឭកដល់អតីតតារាប្រុសរូបនេះយ៉ាងខ្លាំង ។
គួរឱ្យដឹងដែរថា គិតមកដល់ឆ្នាំ ២០២០ នេះ អតីតតារាសម្តែង ខៃ ប្រសិទ្ធិ តួឯកកុនខ្មែរជំនាន់ឆ្នាំ ៨០-៩០ មានវ័យប្រមាណ ៦០ ឆ្នាំហើយ ដែលខណៈនេះលោកកំពុងរស់នៅយ៉ាងមានក្តីសុខឯទឹកដីប្រទេសអូស្រ្តាលី ហើយលោកត្រូវបានគេដឹងថាកំពុងតែប្រកបការងារនៅកសិដ្ឋានដ៏ធំមួយ ដែលការងារមួយនោះបានធ្វើឱ្យលោកមានជីវភាពសមរម្យនៅក្នុងទឹកដីដ៏ទាន់សម័យមួយនោះផងដែរ ៕