ទម្លាយមូលហេតុដែល Aff សម្រេចចិត្តវិលចូលសិល្បៈវិញ ក្រោយលែងលះ
អស់ពេលជាច្រើនឆ្នាំមកហើយដែល មហាជនរង់ចាំការវិលត្រឡប់ចូលសិល្បៈវិញរបស់តារាសម្ដែង Aff taksaorn ។ ក្រោយលែងលះ Aff ពិតជាមិនធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនខកបំណងឡើយ ដោយនាងបានត្រឡប់មកសម្ដែងសារជាថ្មីម្ដងទៀត ចាប់ដៃគូជាមួយនឹងប្រុសសង្ហា Tor Thanapob និង ទទួលបានការចាប់អារម្មណ៍សារជាថ្មីម្ដងទៀតពីសំណាក់អ្នកគាំទ្ររបស់នាង។
យ៉ាងណាមិញ តាមការឱ្យដឹងរបស់ Aff ថានាងធ្លាប់ទម្លាយថា មិនចង់វិលត្រឡប់ចូលសិល្បៈវិញឡើយ ដោយហេតុថានាងខានសម្ដែងយូរ មិនបានហ្វឹកហាត់ នាំឱ្យនាងបាត់បង់នូវភាពជឿជាក់លើខ្លួនឯង ក៏ប៉ុន្តែដោយសារតែការជម្រុញលើកទឹកចិត្តពីអ្នកគាំទ្ររបស់នាងបានធ្វើឱ្យនាងមានកម្លាំងចិត្ត លះបង់អស់ភាពនឿយហត់ ពុះពារចាប់ផ្ដើមកាន់យកអាជីពសម្ដែងសារជាថ្មីម្ដងទៀត។ នាងបានបន្តថា សម្រាប់ការសម្ដែងវាពិតជាមានភាពលំបាកខ្លាំង ខណៈដែលនាងវិលត្រឡប់មកវិញតែដោយសារតែកម្លាំងចិត្តពីមហាជនអ្នកគាំទ្ររបស់នាង ធ្វើឱ្យនាងត្រូវតែតស៊ូ ថ្វីត្បិតពេលខ្លះធ្វើទាំងឈឺក៏ដោយក៏នាងនៅតែសប្បាយចិត្តចង់បន្ត ។
តួយ៉ាងកន្លងមក នាងក៏បានធ្លាប់បង្ហោះរូបភាពប៉ុន្មានសន្លឹកនៅក្នុង Instagram របស់នាង ខណៈដែលនាងកំពុងតែថតរឿងក្នុងឈុតឆាកមួយក្នុងអាងទឹកជាមួយតារាសម្ដែងប្រុសរូបសង្ហា Tor Thanapob ដោយពេលនោះនាងទ្រាំថតទាំងដែល នាងមិនស្រួលខ្លួន។ ក្នុងនោះដែរ ក្រោយពីបង្ហោះរួចមកបានធ្វើឱ្យមហាជន លាន់មាត់សរសើរចំពោះការខិតខំប្រឹងប្រែងរបស់នាង ដោយមិនគិតពីភាពនឿយហត់ លំបាក នេះស្ដែងឱ្យឃើញថានាងជាមនុស្សម្នាក់ដែលរឹងមាំ មិនចេះរាថយ ហើយអ្វីដែលរឹតតែពិសេសនោះអ្នកគាំទ្រនៅតែបន្ដការគាំទ្រ និង ផ្ដល់កម្លាំងចិត្តដល់នាងជានិច្ច៕