តារាសម្តែង គឹម សានុ អរគុណការមើលងាយ រហូតសម្រេចក្តីស្រមៃទិញវីឡាស្កឹមស្កៃជូនម្តាយឪពុក
មហាជនអ្នកគាំទ្របានសង្កេតឃើញថា ក្រោយពីសាងកេរ្តិ៍ឈ្មោះលើវិថីសិល្ប ជាតារាបង្ហាញម៉ូដ និង តារាសម្តែងហើយ លោក គឹម សានុ ក៏បានបោះជំហានយ៉ាងជោគជ័យនៅលើមុខជំនួយផ្ទាល់ខ្លួនទៀតផង ។ ក្នុងនោះគេបានដឹងថា តារាប្រុសរូបរាងខ្ពស់ ស ស្រស់សង្ហារូបនេះ បានបើហាងផលិតផលថែសម្រស់ផងដែរ ។
ទន្ទឹមនឹងភាពជោគជ័យ នៅក្នុងវិថីសិល្ប និង ការរកស៊ី តារាប្រុសវ័យក្មេង គឹម សានុ បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមលាន់មាត់សរសើរគ្រប់គ្នា បន្ទាប់ពីលោកបានបង្ហោះរូបភាពផ្ទះវីឡាដ៏ធំស្កឹមស្កៃ និង រៀបរាប់ពីក្តីស្រមៃតាំងពីនៅក្មេងចង់មានផ្ទះរស់នៅជុំឪពុកម្តាយ បងប្អូនយ៉ាងមានអត្ថន័យ ។
គឹម សានុ បានរៀបរាប់ពីក្តីស្រមៃ និង ការតាំងចិត្តរបស់លោកទម្រាំមានថ្ងសនេះថា «កាលពីនៅតូចធ្លាប់ស្រមៃ ចង់នៅផ្ទះវីឡាមួយជាមួយម៉ាក់ ប៉ា និង ប្អូនៗ ហើយក៏បានត្រឹមតែស្រមៃ ព្រោះយើងគ្មានលទ្ធភាពនឹងយកមកបាន ។ ការតាំងចិត្តរបស់ខ្ញុំ កើតមកក្រ មិនមែនជាកំហុសនោះទេ ស្លាប់ទៅវិញក្រទើបជាកំហុស» ។
ទន្ទឹមនឹងការបំពេញក្តីស្រមៃបានសម្រេចហើយ គឹម សានុ ក៏បានប្រាប់ពីរឿងរ៉ាវជូរចត់ ដែលធ្លាប់ត្រូវបានគេមាក់ងាយទៀតថា « ពីបាទដៃទទេ ជីវភាពគ្រួសារធ្លាក់ដល់ចំនុចសូន្យ មានតែការមើលងាយ ពីមនុស្សជុំវិញខ្លួន សម្តីសាបដូចទឹក ។ អរគុណ រាល់ការមើលងាយ ដែលជំរុញទឹកចិត្តខ្ញុំឲ្យកាន់តែមានកម្លាំងដើរទៅមុខ ហើយក៏មិនឲ្យអ្នកមើលងាយបានទៀតដែរ (តែអ្នកមើលងាយខ្ញុំ អ្នកនៅជិះម៉ូតូនៅឡើយ) ។ កុំបោះបង់ក្តីស្រម៉ៃ ឬ បាក់ទឹកចិត្ត បើទោះជាយើងមិនទាន់យកវាបាន ! ផ្ទះទីមួយសំរាប់ចុងឆ្នាំ ២០២០ » ៕