មិននឹកស្មាន ឌី សូនីតា ធ្លាប់បន់ថា «ស៊ូអត់ប្តីកុំឱ្យតែអត់កូន»
កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ តារាសម្តែង ឌី សូនីតា បានរៀបចំពិធីបង្កក់កូនស្រីដំបូងរបស់នាង ដែលជាកាដូនៃចំណងស្នេហ៍រវាងតារាប្រុស អេឡិច ហ្សូរ៉ា។
ទោះជាបានបញ្ជាក់ថា ថ្ងៃបង្កក់កូនស្រីឈ្មោះ ហ្សូតា ម៉ីហាណា បានរៀបចំសង់រោងហើយក្តី តែនាងបានផ្អាកការចូលរួមពីភ្ញៀវភ្លាមៗ និង ចូលរួមតែក្រុមគ្រួសារប៉ុណ្ណោះព្រោះតែកូវីដ ១៩ ។ បន្ទាប់មក នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២០ នេះដែរ ឌី សូនីតា បានបង្ហោះរូបភាពនៅថ្ងៃសូត្រមន្តបង្កក់កូនស្រីរបស់នាង ព្រមទាំងភ្ជាប់សារដ៏វែងឆ្ងាយយ៉ាងមានអត្ថន័យ និង រៀបរាប់ពីជីវិតរបស់នាងទៀតផង ។
សារយ៉ាងវែងបានបង្ហាញពីជីវិតយ៉ាងកម្សត់ពីការតស៊ូរបស់ ឌី សូនីតា តាំងពីក្មេងអាយុ ១៤ ឆ្នាំ ហើយនោះ នាងបានភ្ជាប់ពាក្យមួយឃ្លានៃកថាខណ្ឌចុងក្រោយ ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ថា «ស៊ូអត់ប្តី ប៉ុន្តែកុំឲ្យអត់កូន» ។
អត្ថន័យពេញលេញ នៃកថាខណ្ឌនោះ ឌី សូនីតា បានរៀបរាប់ថា « មកដល់ពេលនេះ ខ្ញុំគ្មានអ្វីក្រៅពីម្រាមដៃ ១០ ប្រណមក្រាបថ្វាយបង្គំវត្ថុស័ក្តសិទ្ធ ក្រុមគ្រួសារ មនុស្សជុំវិញខ្លួន មិត្តភក្តិ បងប្អូន ញាត្តិមិត្តទាំងអស់ ដែលដឹងរឿងខ្ញុំ នៅចាំឲ្យកម្លាំងចិត្តខ្ញុំ ជឿជាក់លើខ្ញុំ តែងនៅពីក្រោយខ្ញុំហើយគាំទ្រខ្ញុំជានិច្ច។ ទីបំផុតខ្ញុំក៏មានកូនស្រីម្នាក់ ដែលអាចនៅជាមួយខ្ញុំ មិនទៅណាចោលខ្ញុំ ខ្ញុំតែងតែប្រាថ្នាសំរាប់ជីវិតមួយនេះ ស៊ូអត់ប្តីកុំអោយតែអត់កូន ឥលូវបានសំរេចហើយ ។ ពេលនេះ ខ្ញុំក៏ធ្វើពិធីលាបំណន់ថ្វាយភ្លេងថ្វាយគឿងសក្ការៈទាំងឡាយ ដែលខ្ញុំធ្លាប់បួងសួងសុំពីព្រះ និង វត្ថុស័ក្តសិទ្ធិ » ៕