លើកទី ១ ឌី សូនីតា បង្ហោះយ៉ាងវែងបែបនេះ ក្រោយសម្រាលកូនមិនបានប៉ុន្មាន!
កន្លងមកមហាជនក៏ធ្លាប់បានជ្រាបខ្លះៗរួចមកហើយនូវតារាសម្ដែង ឌី សូនីតា ដែលនាងទើបតែសម្រាលបានកូនស្រីមានមុខគួរឱ្យក្នាញ់ ហើយក៏គ្រោងរៀបចំពិធីបង្កក់កូនយ៉ាងអធិកអធមទៀតផង តែដោយសារមានការអំពាវនាវរបស់រាជរដ្ឋាភិបាល និង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ទើបតារាស្រីរូបនេះបានផ្អាកការរៀបចំកម្មវិធីភ្លាមៗ ។
ត្រលប់មកជាថ្មីម្ដងទៀត អ្នកម្ដាយសម័យថ្មីរូបនេះក៏បានរៀបរាប់រឿងក្នុងចិត្តមួយពីអតីតកាលកន្លងទៅ ដែលពោរពេញទៅដោយឧបសគ្គ សេក្ដីតស៊ូ ព្យាយាម ទម្រាំបានមកដល់ចំណុចនេះ ។
ក្នុងនោះដែរ ឌី សូនីតា ក៏បានសរសេរសារយ៉ាងវែងអន្លាយថា ៖ «ពេលគេផ្ញើរូបមកឱ្យមើល ឃើញហើយក៏ស្រក់ទឹកភ្នែកលាយ និង ស្នាមញញឹម គ្មានអ្នកណាដឹង និង យល់ច្បាស់ពីអារម្មណ៍នាងក្រៅពីខ្លួននាងផ្ទាល់ អារម្មណ៍ពេលនោះគឺស្រក់តែទឹកភ្នែកអាណិតខ្លួនផងរំភើបផង បងប្អូនចង់ដឹងថាខ្ញុំបន់ពីអីទេ????? វាពិតជាកម្សត់ពេកសម្រាប់រឿងរ៉ាវដែលបានកើតឡើងលើជីវិតមនុស្សស្រីម្នាក់នេះ វាពិតជាក្តីសុបិន្តមួយដែលនាងតែងតែស្រមៃ ហើយប្រឹងជម្នះគ្រប់ឧបសគ្គ គ្រប់រឿងរ៉ាវ ដើម្បីឱ្យក្តីសុបិន្តនោះប្រែក្លាយជាការពិត ។ ពីក្មេងស្រីកូនអ្នកក្រ កម្សត់ និង កំព្រាឪពុកម្នាក់ បានប្រែខ្លួនឯងមកជាមេគ្រួសារទាំងនៅជាកុមារី ១៤ ឆ្នាំនៅឡើយ មិនដែលស្គាល់រសជាតិជាយុវវ័យឡើយ ស្គាល់តែរសជាតិជាមនុស្សចាស់បាត់ហើយ បន្ទាប់ពីខ្លួនបានក្លាយជាបង្គោលគ្រួសារ ។ ប្រឹងធ្វើការទាំងយប់ថ្ងៃ រហូតដល់ជិតបានជោគជ័យក៏មានជំងឺគ្រប់មុខ ប្រឹងទាំងឈឺ មើលខ្លួនបណ្តើរ ធ្វើការបណ្តើរ រហូតដល់ភ្លេចខ្លួន ប្រឹងរហូតដល់ភ្លេចថាខ្លួនឯងមានតែ ១ ជីវិតមានតែ ១» ។
ក្នុងនោះដែរ នាងក៏បានបន្ថែមទៀតថា ៖ «ពេលដែលចាប់ផ្តើមមើលខ្លួនឯងវិញ ក៏នៅសល់ក្តីសង្ឃឹមដ៏តិចតួចបំផុត ហើយក៏មានតែខ្លួនឯងដែលប្រឹងម្តងទៀតដើម្បីក្តីសង្ឃឹមចុងក្រោយនេះ ប្រឹងទាំងដឹងថាគ្មានសង្ឃឹម ប្រឹងទោះដឹងថាវាហួសពេល ក៏នៅតែសង្ឃឹម ប្រឹងទោះដឹងថាលទ្ធផលចុងក្រោយបែបណា ចុងបញ្ចប់ខ្ញុំក៏អាចធ្វើបាន ។ មកដល់ពេលនេះខ្ញុំគ្មានអ្វីក្រៅពីម្រាមដៃ ១០ ប្រណម ក្រាបថ្វាយបង្គំវត្ថុស័ក្ដិសិទ្ធិ ក្រុមគ្រួសារ មនុស្សជុំវិញខ្លួន មិត្តភក្ដិបងប្អូន ញាត្តិមិត្តទាំងអស់ដែលដឹងរឿងខ្ញុំ នៅចាំឲ្យកម្លាំងចិត្តខ្ញុំ ជឿជាក់លើខ្ញុំ តែងនៅពីក្រោយខ្ញុំហើយគាំទ្រខ្ញុំជានិច្ច ។ ទីបំផុតខ្ញុំក៏មានកូនស្រីម្នាក់ដែលអាចនៅជាមួយខ្ញុំមិនទៅណាចោលខ្ញុំ ខ្ញុំតែងតែប្រាថ្នាសម្រាប់ជីវិតមួយនេះ ស៊ូអត់ប្តីកុំឱ្យតែអត់កូន ឥលូវបានសម្រេចហើយ ពេលនេះខ្ញុំក៏ធ្វើពិធីលាបំណន់ថ្វាយភ្លេងថ្វាយគឿងសក្ការៈទាំងឡាយដែលខ្ញុំធ្លាប់បួងសួងសុំពីព្រះ និង វត្ថុសក្ដិសិទ្ធិ» ៕