មហាជនផ្ទុះប្រតិកម្ម រិះគន់លើនារីម្នាក់ចោទថា មាស សុខសោភា មានអត្តចរិតឈ្លើយ (វីដេអូ)
នៅលើបណ្តាញសង្គមថ្មីៗនេះ កំពុងតែមានការបញ្ចេញមតិ និង ចែករំលែកតៗគ្នានូវវីដេអូមួយ ដែលមានគណនី Tik Tok ឈ្មោះថា ស្រីមុច បានលើកឡើងពីអត្តចរិតរបស់តារាចម្រៀង មាស សុខសោភា នៅខាងក្រៅ ។
គណនី Tik Tok ស្រីមុច នោះបានរៀបរាប់ក្នុងវីដេអូថា «កញ្ញា មាស សុខសោភា ពេលជួបផ្ទាល់ជាមនុស្សគ្មានភាពរាក់ទាក់ រើសអើង និង ឈ្លើយមិនគួរឲ្យគោរព ក៏ព្រោះតែនាងបានសុំថតរូបជាមួយ ប៉ុន្តែនាងបានបដិសេធ»។
លើសពីនោះ ម្ចាស់គណនី Tik Tok ខាងលើនេះ បានបន្តថា « ក្រុមរបស់តារាចម្រៀង មាស សុខសោភា បានមកដណ្តើមកន្លែងនាងអង្គុយ និង មានបំណងច្រាននាងទម្លាក់ទឹកទៀតផង» ។
តបទៅនឹងការបង្ហោះវីដេអូនោះដែរ មានការចែករំលែក និង បញ្ចេញមតិរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនទៅកាន់ម្ចាស់គណនី Tik Tok រូបនោះ ដោយមហាជនអ្នកលេងបណ្តាញសង្គម បានធ្វើការវែកញ៉ែកថា «វីដេអូ របស់នារីរូបនោះលើកឡើងហាក់ដូចជាមិនទំនង! តួយ៉ាង នាងបានសុំតារា មាស សុខសោភា ថត តែមានក្រុមការងារឆ្លើយប្រាប់ថាមិនអាចថតជាមួយបាន នាងបែរជាចោទថា មាស សុខសោភា រើសអើងនាងទៅវិញ។ មួយវិញទៀត ពាក់ព័ន្ធនឹងការលើកឡើងថា ក្រុមតារាចម្រៀង មាស សុខសោភា មកដណ្តើមកន្លែងនាងអង្គុយ និង មានបំណងច្រាននាងទម្លាក់ក្នុងទឹកទៀតនោះ គឺពិតជាមិនសមហេតុផល ក៏ព្រោះតែនៅលើភ្នំគូលែនកន្លែងញុំាអាហារ គឺមានទីធ្លាទូលាយ ដូច្នេះមិនសមណានឹងមានរឿងកើតឡើងយ៉ាងនេះទេ» ។
បន្ថែមពីនោះដែរ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង សិល្បករសិល្បការិនី មួយចំនួន ក៏បានអះអាងថា « មាស សុខសោភា នៅខាងក្រៅមិនមានអត្តចរិតបែបនេះដូចដែលនារីក្នុងគណនី Tik Tok នោះថាឡើយ » ។
មកដល់ពេលនេះ ទោះវីដេអូបានចែករំលែក បញ្ចេញមតិទាំងវិជ្ជមាន និង អវិជ្ជមាន ទៅកាន់តារាចម្រៀង មាស សុខសោភា ច្រើនមកហើយ ប៉ុន្តែពេលនេះតារាស្រីជួរមុខរូបនេះនៅមិនទាន់ចេញមុខបកស្រាយលើករណីនេះនៅឡើយទេ៕
@yalin.1♬ original sound – ស្រីមុច