ញឹម ចាន់ថន អាណិតក្មេងប្រុសនេះខ្លាំង សុខភាពមិនសូវល្អ តែក្តីស្រមៃចង់ក្លាយជាតារាកំប្លែង
ថ្មីៗនេះមានការចាប់អារម្មណ៍ និង ចែករំលែកជាច្រើននូវរូបភាពក្មេងប្រុសម្នាក់ រស់នៅក្នុងខេត្តកំពង់ស្ពឺ ដែលមានអាយុត្រឹមតែ ១៦ ឆ្នាំទេ តែមានកម្ពស់រហូតដល់ ២ ម៉ែត្រឯណោះ ។ ដោយសារតែបានឃើញរូបភាពជាច្រើននៅក្នុងបណ្ដាញសង្គម ទើបធ្វើឱ្យតារាសម្ដែង ញ៉ឹម ច័ន្ទថន បានទៅជួប និង បង្ហាញអំពីជីវប្រវត្តិកម្សត់ខ្លះៗទាក់ទងទៅនឹងក្មេងប្រុសមានកម្ពស់ខ្ពស់រូបនេះផងដែរ ។
តាមរយៈការបញ្ជាក់របស់តារាស្រីរូបនេះបានឲ្យដឹងថា យុវជននេះមានឈ្មោះ ដាលីន អាយុ ១៦ ឆ្នាំ រស់នៅក្នុងខេត្តកំពង់ស្ពឺ មានបងប្អូន ២ នាក់ រីឯការសិក្សា បានឈប់រៀនតាំងពីថ្នាក់ទី ៦ មកម៉្លេះ ដោយសារមានបញ្ហាភ្នែក ។ ចំពោះសុខភាពវិញមិនសូវល្អទេ ព្រោះឧស្សាហ៍ឈឺណាស់ ចំណែកឯឪពុកម្ដាយវិញ សព្វថ្ងៃជាកម្មកររោងចក្រ ដែលមានជីវភាពមិនសូវធូរធាទេ ។
ក្នុងនោះដែរ ញ៉ឹម ច័ន្ទថន ក៏បានបង្ហោះនៅក្នុងបណ្ដាញសង្គមថា៖ «មើលកម្ពស់គេផង អូនចង់ក្លាយជាអ្នកកំប្លែង អូនអាយុ ១៦ ឆ្នាំហើយ កម្ពស់ ២ ម៉ែត្រ ហើយអូនក៏សុខភាពមិនសូវល្អទេ ឈឺច្រើន ម៉ាក់ប៉ាធ្វើការរោងចក្រ យកលុយមើលអូនរហូត អាណិតណាស់ក្មួយប្រុស ខ្ញុំជូនពរឱ្យក្មួយ និង បងប្អូនប្រជាពលរដ្ឋសុខសប្បាយរហូត ជៀសផុតពីជំងឺអីទាំងអស់» ៕