ដឹងការពិតហើយ! ស៊ីរីកា ឆ្លើយតបភ្លាមៗបែបនេះ ក្រោយមានអ្នករិះគន់ថានាង ចម្លងបទចម្រៀងពីថៃ (វីដេអូ)
ក្រោយពីបានរៀបចំសន្និសីទសារព័ត៌មាន នៃពិធីចុះកិច្ចព្រមព្រៀងសហការរវាងផលិតកម្ម Town និង ផលិតកម្មធំ GMM Grammy ប្រចាំប្រទេសថៃហើយនោះ មហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបទចម្រៀងដំបូង នៃការសហការរបស់ផលិតកម្មធំទាំង ២ គឺជាការបង្ហាញរបស់តារាចម្រៀង ២ រូប ប្រចាំផលិតកម្មថោន គឺ កញ្ញា ស៊ូ ស៊ីរីកា និង តារាចម្រៀងរ៉េប B.O.B ។
បទចម្រៀងដំបូង នៃការបើកទំព័រការសហការរវាង Town និង GMM Grammy នេះដែរ មានចំណងជើងថា «ជំនូន» ឬ «The Gift» ដែលជាបទចម្រៀងដើមរបស់តារាចម្រៀងផលិតកម្ម GMM Grammy គឺ កញ្ញា Paowalee Pornpimon និង តារាចម្រៀងរ៉េប MAIYARAP ។
ទន្ទឹមនឹងមានការកោតសរសើរ នូវស្នាដៃ នៃផលិតបទចម្រៀងរបស់ GMM Grammy មកជា Version ខ្មែរ ដោយមានការបកស្រាយពីតារាចម្រៀងពេញនិយម ២ ដួង របស់ផលិតកម្មថោននោះ ក៏មានការបញ្ចេញមតិរិះគន់មួយចំនួនផងដែរ ពីសំណាក់អ្នកគាំទ្រមួយចំនួន ដោយលើកឡើងថា «ផលិតកម្មថោន បានលួចចម្លងបទចម្រៀងថៃ ហើយខ្លះបានលើកឡើងថា តារាចម្រៀង ស៊ីរីកា បានចម្លងស្ទីលសម្លៀកបំពាក់ និង ការតុបតែងរបស់ប្រទេសថៃ» ។
ពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់ខាងលើនេះដែរ តារាចម្រៀងស្រីក្នុងបទ «ជំនូន» Version ខ្មែរ កញ្ញា ស៊ូ ស៊ីរីកា ក៏បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន និង ចង់បញ្ជាក់ពីការច្រៀងសម្តែងក្នុងបទចម្រៀងខាងលើនេះមកកាន់ «ប្រជាប្រិយ» នៅព្រឹកថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ថា « ផលិតកម្មថោន បានផលិតបទចម្រៀងនេះមក គឺមិនមែនជាការចម្លងនោះទេ! នេះគឺជាការសហការគ្នាយ៉ាងស្របច្បាប់មួយ រវាងផលិតកម្មថោន និង ផលិតកម្ម GMM ដែលជាម្ចាស់បទដើមនៃបទចម្រៀងនេះ។ ម្យ៉ាងវិញទៀត ជំហានដំបូងនេះ គឺផលិតកម្មថោន បានយកបទចម្រៀងផលិតកម្ម GMM មកធ្វើជា Version ខ្មែរដំបូងសិន ដើម្បីជាការបើកបង្ហាញនៃការចាប់ផ្តើមសហការរវាងផលិតកម្មទាំង ២ ប្រទេស ហើយបន្ទាប់មកតារាចម្រៀងថៃ គេក៏នឹងយកបទចម្រៀងផលិតកម្មថោន ទៅច្រៀងបកប្រែជាភាសាថៃ ជា Version ថៃ ដូចគ្នា» ។
តារាចម្រៀង ស៊ីរីកា បានបន្ថែមទៀតថា « ពេលនេះក៏ព្រោះតែបញ្ហាកូវីដ ១៩ ទើបផលិតកម្មទាំង ២ ចាប់ផ្តើមការច្រៀង Cover សិន ប៉ុន្តែនៅថ្ងៃខាងមុខផលិតកម្មទាំង ២ នឹងបង្ហាញស្នាដៃថ្មី នៃការផលិតបទចម្រៀង Original ដោយមានការច្រៀងរួមគ្នារវាងតារាខ្មែរ និង តារាថៃ ព្រមទាំងឈានដល់ការរៀបចំការប្រគុំតន្ត្រី និង ថតខ្សែភាពយន្តរួមគ្នាទៀតផង» ។
លើសពីនោះ ជុំវិញការរះគន់ថា នាងបានយកស្ទីលសម្លៀកបំពាក់ និង ការតុបតែងខ្លួនពីថៃវិញនោះ ស៊ីរីការបានបញ្ជាក់យ៉ាងច្បាស់ថា «នាង និង ក្រុមការងារមិនបានចម្លងឡើយ ! ត្រង់ចំនុចនេះដែរ នាងបានសំណូមពរឲ្យមហាជន មើលសារជាថ្មី គឺ ឈុតសម្លៀកក្នុងបទចម្រៀងនេះ នាងបានយកហូលផាមួងរបស់ខ្មែរ មកច្នៃធ្វើជាឈុតសម័យ រីឯគ្រឿងអលង្ការ ដែលមានសៀតផ្កាទៀតនោះ គឺសុទ្ធសឹងតែជាគ្រឿងរបស់ខ្មែរសុទ្ធសាធ ។ ដូច្នេះសូមឲ្យអ្នកទស្សនា អ្នករិះគន់យល់សារជាថ្មី ថាទាំងអស់នេះជារបស់ខ្មែរ » ៕