កប់សារី! ផលិតកម្មធំថៃ «GMM Grammy» នឹងយកបទចម្រៀងផលិតកម្ម Town ទៅ Cover ជាភាសាថៃ
កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ វីដេអូខ្លីមួយ ដែលមានការបង្ហាញវត្តមានរបស់តារាចម្រៀងកម្ពុជា និង តារាចម្រៀងថៃនៅលើឆាណែល Youtube «Town X GMM Grammy» បានបញ្ជាក់រួចមកហើយ ថាផលិតកម្មធំរបស់កម្ពុជា «Town» និង ផលិតកម្មធំរបស់ប្រទេសថៃ «GMM Grammy» បានត្រៀមសហការគ្នា។
តួយ៉ាងនៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២០ នេះ ក្រុមហ៊ុនទាំង ២ បានធ្វើពិធីចុះកិច្ចព្រមព្រៀងគ្នាជាផ្លូវការហើយ ។ ក្នុងពិធីនេះដែរ ទោះជាមិនមានការចូលរួមពីដៃគូប្រទេសថៃ ក៏ព្រោះតែការរាំងស្ទះ និង ការបង្ការកូវីដ ១៩ ក្តី ផលិតកម្មថោន ក៏បានរៀបចំកម្មវិធីនៅឯស្ថានីយ៍ទូរទស្សន៍ថោន និង ធ្វើការផ្សាយបន្តផ្ទាល់នៅលើផេកផ្លូវការរបស់ផលិតកម្មថោនដោយ មានការចូលរួមពីសំណាក់ នាយិកាប្រតិបត្តិ, ប្រធានគ្រប់គ្រងទូទៅ, ទីប្រឹក្សាផ្នែកទីផ្សារផលិតកម្មថោន និង តារាចម្រៀង ៦ ដួង តំណាងឲ្យតារាចម្រៀងផលិតកម្មថោនផងដែរ ។
លោកជំទាវ វ៉ា នីតា នាយិកាប្រតិបត្តិប្រចាំក្រុមហ៊ុនថោន បានឲ្យដឹងនៅក្នុងពិធីចុះកិច្ចព្រមព្រៀងនេះថា «ផលិតកម្ម ថោន ប្រចាំប្រទេស កម្ពុជា និង ផលិតកម្ម GMM (GRAMMY) ប្រចាំប្រទេសថៃបានរួមសហការគ្នាឡើងនេះ ក៏ព្រោះតែចក្ខុវិស័យរួមគ្នាតែមួយ គឺដើម្បីពង្រីកទីផ្សារផ្នែកវិស័យសិល្បៈកម្សាន្ដ ការផលិតបទចម្រៀង និង បង្កើតអ្វីដែលរសជាតិថ្មី ស្របតាមតម្រូវការទីផ្សារ នាពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគតទាំងនៅក្នុងប្រទេសកម្ពុជា និង ប្រទេសថៃ ។ លើសពីនោះ នាថ្ងៃអនាគត Town និង GMM នឹងក៏មានគម្រោងក្នុងការបង្កើតព្រឹត្តិការណ៍នានា ដូចជាការប្រគុំតន្ត្រី និង ខ្សែភាពយន្តដើម្បីចែករំលែក និង ផ្លាស់ប្តូរពីវប្បធម៌គ្នាទៀតផង»។
លើសពីនោះអ្វីដែលកាន់តែពិសេស បើតាមការឲ្យដឹងពីលោក អ៊ុន រិទ្ធីចិត្រ នាយកគ្រប់គ្រងទូទៅប្រចាំផលិតកម្មថោន បានឲ្យដឹងថា «សន្និសីទសារព័ត៌មាននេះ ធ្វើឡើងដើម្បីបញ្ជាក់ពីការចុះអនុស្សារណៈរវាងផលិតកម្មថោន និង ផលិតកម្មរបស់ប្រទេសថៃ GMM Grammy ដោយនៅថ្ងៃនោះ លោកនឹងបង្ហាញពីអ្វីខ្លះដែលនឹងកើតមានក្រោយពីកិច្ចសហការរវាងផលិកម្មថោន នឹង Grammy នៅពេលខាងមុខនេះ ។ ជំហានដំបូងនេះដែរ តារាចម្រៀងប្រចាំផលិតកម្ម Town និង GMM នឹងផ្លាស់ប្តូរបទចម្រៀងគ្នា Cover ដើម្បីបង្ហាញដល់មហាជនអ្នកគាំទ្រជាមុនសិន ។ ក្នុងនោះ តារាចម្រៀងផលិតកម្មថោន នឹងយកមកចម្រៀងរបស់ តារាចម្រៀងផលិតកម្ម GMM មក Cover ជាភាសាខ្មែរ រីឯ តារាចម្រៀងរបស់ផលិតកម្ម GMM ក៏នឹង យកបទចម្រៀងរបស់តារាខ្មែរទៅ Cover ជាភាសាថៃវិញដូចគ្នា»។
គួរឲ្យដឹងថា អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ ផលិតកម្មថោន និង ផលិតកម្ម GMM ក៏បានបង្កើតគណនី YouTube ថ្មីមួយឈ្មោះថា «TOWN x GMM GRAMMY» ក្នុងការបង្ហាញស្នាដៃរួមគ្នារវាងផលិតកម្មធំៗទាំង ២ នេះផងដែរ៕