រឿន ណាត ប្រើពាក្យមានឃ្លាដ៏មានន័យមួយ បង្ហាញពីការផ្សព្វផ្សាយវប្បធម៌ជាតិ
ទោះជាមួយរយៈក្រោយនេះ បវរកញ្ញាចក្រវាល ឆ្នាំ ២០១៨ រឿន ណាត ត្រូវបានទទួលរងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ពីការចែករំលែកមតិផ្ទាល់ខ្លួនរបស់នាងកាលពីពេលកន្លងទៅថ្មីៗក៏ពិតមែន ប៉ុន្តែម្ចាស់មកុដ Miss Universe Cambodia 2018 រូបនេះ នៅតែបន្តសកម្មភាពនៅក្នុងវិស័យសិល្បដូចដើម ។
កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ នេះ រឿន ណាត បានបង្ហាញវត្តមានរបស់ខ្លួនសារជាថ្មី ដើម្បីចែករំលែកពីស្នាដៃរបស់កូនខ្មែរក្នុងការច្នៃម៉ូដសម្លៀកបំពាក់ ជាពិសេសនោះ គឺការចែករំលែកនូវរូបភាពតំណាងឲ្យវប្បធម៌ អរិយធម៌ ខ្មែរនាជំនាន់ដើមទៀតផង។
ឈុតសម្លៀកបំពាក់ ដែល រឿន ណាត បានគ្រងនោះដែរ គឺបានច្នៃ និង សាកល្បងតម្លើងជាថ្មី មានឈ្មោះថា «ឈុតព្រះមាតាភុជង្គនារគី» រចនាដោយ Nara Fashion និង តម្លើងដោយ Ah Bot Bot ។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ ក្នុងនោះក៏មានវត្តមានរបស់តារាប្រុសលោក ភ័ក្ត្រ សុធារិទ្ធ ក៏បានគ្រង « ឈុតព្រះបិតាភុជង្គនាគា » ជាគូនឹង រឿន ណាត ផងដែរ ។ នៅក្នុងរូបភាពនោះដែរ រឿន ណាត បានសរសេរសារដ៏មានន័យក្នុងការចូលរួមចំណែកចែករំលែកពីវប្បធម៌ជាតិ របស់ខ្លួនទៀតថា « ការផ្សព្វផ្សាយវប្បធម៌ ជាតួនាទីរបស់យើងទាំងអស់គ្នា» ៕
រូបភាព ៖ Mirror Studio & Photography