បើកភ្លើងខៀវហើយ! Matt ប្រកាសនឹងមានដំណឹងល្អឆាប់ៗ ជាមួយហាយសូរ Songkran
មហាជនធ្លាប់បានស្គាល់រួចមកហើយ តារាសម្ដែងស្រី Matt Peranee ជាតារាសម្ដែងជួរមុខម្នាក់ ក្នុងប្រទេសថៃ ដែលបានប្រឡូក ក្នុងវិស័យសិល្បៈអស់រយៈពេល ១០ ឆ្នាំជាងមកហើយ។ មិនត្រឹមប៉ុណ្ណោះ នាងត្រូវបានមហាជនទទួលស្គាល់ថាជាតារាស្រីដែលមានទេពកោសល្យខ្ពស់ផងដែរ។
ថ្មីៗ នេះ តារាសម្ដែងស្រីរូបនេះបាន ធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាងប្រកាសថានឹងមានគម្រោងចូលរោងការនាពេលឆាប់ៗនេះ ជាមួយនឹងអនាគតស្វាមីរបស់តារាសម្ដែងស្រីមេម៉ាយកូន១ Aff គឺលោក Songkran។
តាមការឱ្យដឹងក្នុងបទសម្ភាសមួយ ទាក់ទងទៅនឹងគម្រោងរៀបការទៅថ្ងៃខាងមុខ តារាសម្ដែងស្រីរូបនេះបានបង្ហើបរឿងរ៉ាវស្នេហារបស់ខ្លួនថា «ទទួលស្គាល់ថានិយមន័យស្នេហាពិតជាប្រែប្រួលមែនសម្រាប់រូបខ្ញុំ ដូចនៅពេលនេះ និយមន័យស្នេហាខ្ញុំ គឺការស្រឡាញ់ខ្លួនឯងឱ្យបានច្រើនៗ ត្រូវពិតប្រាកដនឹងខ្លួនឯង ក្លាហានធ្វើអ្វីមួយ ជាមួយមនុស្សដែលហ៊ានលះបង់សម្រាប់យើង»។ នាងក៏បានបន្ថែមទៀតថា កាលពីមុននាងធ្លាប់បរាជ័យស្នេហាម្ដងរួចមកហើយ តែសម្រាប់ផែនការជីវិតរបស់នាងតែពេលនេះ នាងនឹងមិនធ្វើឱ្យផែនការជីវិតនាងបរាជ័យម្ដងទៀតទេ។
យ៉ាងណាមិញ តាមរយៈអ្នកលេងបណ្តាញសង្គម ក៏បានចាប់អារម្មណ៍ឃើញថា ថ្មីៗនេះ គូស្នេហ៌តារាសម្ដែងស្រីរូបនេះ បានកាន់ដៃគ្នាទៅធ្វើបុណ្យរួមគ្នានៅឯវត្ត ជាមួយម្ដាយផងដែរ។ ហើយពួកគេតែងតែបង្ហាះភាពរូបផ្អែមល្ហែមសម្ដែងនូវសេចក្ដីស្នេហាចំពោះគ្នាទៅវិញទៅមក ហាក់បីដូចជាមានក្ដីសុខខ្លាំងណាស់៕
ប្រភព៖ Nineentertainment