ចូលខែរងារភ្លាមអតីតម្ចាស់ពាន Cambodia Got Talent យឿន ពិសី ចង់រៀបការភ្លែត!
ជឿជាក់ថាមហាជន ជាពិសេសអ្នកគាំទ្រប្រាកដជានៅចាំបានថា អតីតម្ចាស់ពាន Cambodia Got Talent យឿន ពិសី បានបង្ហាញមូខគូស្នេហ៍ ដែលមានមុខមាត់ស្រស់ស្អាត និង មានវ័យស្របាលៗគ្នា កាលពីប៉ុន្មានខែមុន។ ហើយថ្មីៗនេះ តារាប្រុសវ័យក្មេងរូបនេះ បែរជាប្រកាសថាចង់រៀបការភ្លាមៗតែម្ដង។
ដោយសារមានសមត្ថភាពទាំងការច្រៀង និង លេងភ្លេងបានល្អធ្វើឱ្យ យឿន ពិសី បានក្លាយជាម្ចាស់ពាន Cambodia Got Talent កាលពីឆ្នាំ ២០១៥ ដែលពេលនោះ យឿន ពិសី ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើនផងដែរ តែបើគិតមកទល់ពេលនេះ តារាប្រុសវ័យក្មេងរូបនេះ ទើបមានបទចម្រៀងផ្ទាល់ខ្លួន តែប៉ុន្មានបទប៉ុណ្ណោះ។
អ្វីដែលចាប់អារម្មណ៍ ថ្មីៗនេះ យឿន ពិសី បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល ក្រោយពីបានឃើញតារាប្រុសរូបនេះ បង្ហោះសារបញ្ចេញអារម្មណ៍ថា «មនុស្សសំខាន់របស់បងអើយ អូនជាមនុស្សស្រីម្នាក់ដែលសំខាន់សម្រាប់បងតែម្នាក់ មិនអាចរកអ្នកផ្សេងមកជំនួសបានឡើយ អូនល្អទាំងចិត្តគំនិត ថ្វីត្បិតតែបងក្មេងជាងអូន ប៉ុន្តែបេះដូងបងសម្រាប់អូនមិនមែនក្មេងទេ ក្ដីស្រមៃរបស់ពួកយើងទាំងពីរ គឺកាន់ដៃគ្នាចូលរោងការ អូនរ៉ា ដឹងអត់ បងចង់ឃើញអូនជាកូនក្រមុំរបស់បងក្នុងថ្ងៃនោះ តើស្អាតយ៉ាងណាទៅ។ ហ៊ឹម និយាយ ដល់ចំណុចនេះកាលណា អារម្មណ៍ដែលចង់រៀបការក៏កើតមានភ្លាមភ្លាមហ្មង»។
ការលើកឡើងរបស់ យឿន ពិសី បានធ្វើឱ្យអ្នកគាំទ្រមានការអបអរសាទរ និង ជូនពរឱ្យស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នង។បើទោះជាពិការភ្នែកក៏ពិតមែនតែ យឿន ពិសី មានគូស្នេហ៍ជានារីលក់ផលិតផលតាមអនឡាញមួយរូប ដែលមានរូបសម្រស់ស្រស់ស្អាត និង មានឈ្មោះថា រ៉ា ។ បើគិតមកដល់ពេលនេះ ពួកគេទើបស្គាល់គ្នាប្រមាណជា ជិតមួយឆ្នាំប៉ុណ្ណោះ៕