ប៉ែន ចំរុង បង្ហោះសារដ៏មានន័យមួយ ក្រោយទៅចូលរួមមង្គលការប្អូនស្រី នី មុន្នីនាថ
តារាសម្ដែង នី មុន្នីនាថ បានរៀបចំពិធីមង្គលការឱ្យប្អូនស្រីយ៉ាងអធិកអធម នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយក្នុងនោះ នាងបានអញ្ជើញសិល្បករ សិល្បការិនីចូលរួមយ៉ាងច្រើនកុះករ ធ្វើឱ្យកម្មវិធីទាំងមូលកាន់តែសប្បាយហ៊ឹកហាក់ទ្វេដង ដែលក្នុងនោះ នី មុន្នីនាថ ក៏បានអញ្ជើញតារាសម្ដែង ប៉ែន ចំរុង ចូលរួមផងដែរ។
ក្រោយចប់កម្មវិធីមង្គលការ ប៉ែន ចំរុង ស្រាប់តែបង្ហោះសារគួរឱ្យចាប់អារម្មណ៍មួយនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយលើកសរសើរពីទឹកចិត្តតារាសម្ដែង នី មុន្នីនាថ ក្នុងនាមជាបងស្រីម្នាក់ នាងបានលះបង់ធំធេង ប្រកបដោយក្ដីអាណិតស្រឡាញ់ចេញពីបេះដូងចំពោះប្អូនស្រី ធ្វើឱ្យលោកដែលជាមិត្តភក្ដិ ឃើញហើយរំភើបចិត្តជំនួស ។
ប៉ែន ចំរុង បានរៀបរាប់ដោយលើកសរសើរពី នី មុន្នីនាថ មិនដាច់ពីមាត់ថា ៖ «ឆ្លងកាត់កម្មវិធីមង្គលមួយនេះខ្ញុំរឹតតែស្គាល់ប្អូនស្រី នី មុន្នីនាថ ថាគាត់ពិតជាបងស្រីដែលមានការលះបង់ខ្ពស់ ប្រកបដោយព្រហ្មវិហារធម៌ ចំពោះបងប្អូន ហើយក៏រំភើបចំពោះភាពជំនួស និងមោទកភាពចំពោះប៉ាម៉ាករបស់គាត់ ដែលឃើញកូនៗចេះស្រឡាញ់គ្នាបែបនេះ ហើយក៏សូមជូនពរគូស្វាមីភរិយាថ្មីថ្មោងរឹតតែសុខសុភមង្គលជោគជ័យគ្រប់ការងារភារកិច្ច (ពាក្យថាបងប្អូន យ៉ាងណាក៏មិនចោលគ្នាដែរ)» ៕