រំលឹកពី ៥ ចំណុចលេចធ្លោខ្លាំងធ្វើឱ្យ រ៉េត សារីតា ដណ្ដើមបានមកុដ MUC 2020
អ្នកគាំទ្រវិស័យបវរកញ្ញាក្នុងស្រុកបានដឹងរួចមកហើយ កាលពីរាត្រីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ កម្មវិធីប្រកួតសម្រស់ថ្នាក់ជាតិដ៏ធំ Miss Universe Cambodia ប្រចាំឆ្នាំ ២០២០ បានបញ្ចប់ជាស្ថាពរហើយ ដោយកញ្ញា រ៉េត សារីតា គឺជាបេក្ខនារីដែលទទួលបានជ័យជម្នះ ក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2020 នេះ បន្ទាប់ពីធ្វើបានយ៉ាងល្អ ទាំងទំនុកចិត្ត ការដើរ និង ឆ្លើយសំណួរចំៗល្អនោះ ។
ជ័យជម្នះរបស់កញ្ញា រ៉េត សារីតា ត្រូវបានមហាជនអ្នកគាំទ្ររំភើបចិត្ត និង បានសម្តែងការអបអរសាទរយ៉ាងខ្លាំង ព្រោះតែកម្ពុជាបានស្វែងរកឃើញបេក្ខនារីតំណាងប្រទេសដ៏ស័ក្តិសមមួយរូប សម្រាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនៃកម្មវិធី Miss Universe 2020 ដែលកញ្ញាមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែនាងក៏មានសមត្ថភាព និង ការតាំងចិត្តខ្ពស់ផងដែរ ។ ខាងក្រោមនេះជា ៥ ចំណុច ដែលរុញច្រានឱ្យកញ្ញា រ៉េត សារីតា មានឱកាសក្តោបបានតំណែង Miss Universe Cambodia 2020 ៖
១. សម្រស់ និង អត្តចរិត
កញ្ញា រ៉េត សារីតា ដែលមានអាយុ ២៤ ឆ្នាំ និង កម្ពស់ ១៦៨ សង់ទីម៉ែត្រ នាងត្រូវបានគេចាត់ទុកនារីខ្មែរម្នាក់មានរូបសម្រស់សមសួន និង ស្រស់ស្អាត ហើយលើសពីសម្រស់នេះនាងក៏ជានារីម្នាក់ប្រកបដោយអត្តចរិតល្អ ភាពថ្លៃថ្នូរ គោរពរៀបច្បង និង ចេះចែករំលែក ដែលស័ក្តិសមទទួលបានមកុដ Miss Universe Cambodai ប្រចាំឆ្នាំនេះ ។
២. សមត្ថភាព
ក្រៅពីសម្រស់ និង អត្តចរិតល្អនោះ កញ្ញា រ៉េត សារីតា ក៏ជានារីខ្មែរម្នាក់ដែលពោរពេញដោយសមត្ថភាព និង ការតាំងចិត្តខ្ពស់ ដែលជាចំណុចធ្វើឱ្យនាងសម្រេចក្តីស្រមៃផងដែរ ។ កញ្ញា រ៉េត សារីតា ក៏ជាអ្នកក្នុងចង្កោមសិល្បៈមួយរូប ដែលនាងមានជំនាញខាងពិធីការិនី និង សម្តែងយ៉ាងស័ក្តិសម ។
៣. ចំណេះដឹង
សម្រាប់ការសិក្សាវិញ បច្ចុប្បន្នម្ចាស់មកុដវ័យក្មេង រ៉េត សារីតា បានបញ្ចប់ការសិក្សានៅសាលា The private French primary school Lycée Français René-Descartes ផ្នែកបរិញ្ញាបត្រភាសាអង់គ្លេស ហើយនាងក៏កំពុងបន្តការសិក្សាអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិផងដែរ ។ ក្នុងនោះនាងក៏បានយល់ដឹងពីបញ្ហាសង្គមច្រើនផងដែរ ដែលនេះជាទុនមួយជួយឱ្យនាងបានសម្រេចក្តីស្រមៃ ។
៤. ភាសា
ចំពោះភាសាវិញ ក្រៅពីភាសាជាតិ កញ្ញា រ៉េត សារីតា ចេះចំនួន ៣ ភាសាបន្ថែមទៀត មានដូចជា ភាសាថៃ អង់គ្លេស និង បារាំង យ៉ាងស្ទាត់ជំនាញ ។ ដែលនេះជាចំណុចសំខាន់មួយទៀត ធ្វើឱ្យនាងអាចដណ្តើបានមកុដយ៉ាងងាយ ។
៥. បទពិសោធ
ជុំវិញនឹងបទពិសោធ កន្លងទៅនេះដោយសារតែកញ្ញា រ៉េត សារីតា ធ្លាប់ជាអ្នកសិល្បៈ និង បានចូលរួមកម្មវិធីជាច្រើននោះ បានធ្វើឱ្យនាងដឹងពីរៀបរបប និង បញ្ហាសង្គមរស់នៅច្រើន ។ ក្នុងនោះដែរនាងក៏ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី Freshie កាលពីឆ្នាំ ២០១៣ និង ថ្មីៗកន្លងទៅនេះនាងបានទៅហ្វឹកហាត់ការដើរម៉ូដ និង ការឆ្លើយសំណួរនៅប្រទេសភីលីពីន (Pasarela ដែលជាកន្លែងហ្វឹកហាត់បវរកញ្ញាមកពីជុំវិញពិភពលោក) ៕