សុវណ្ណ មករា បានជួបមិត្តចាស់ ស្រីតូច ចំណាន អរដល់ថ្នាក់បង្ហោះសារមិនចង់បែក
តារាសម្តែង សុវណ្ណ មករា និង ជំទាវ ម៉ៅ ចំណាន ដែលមហាជនស្គាល់ជាអតីតតារាសម្តែងស្រីឈ្មោះ ស្រីតូច ចំណាន ត្រូវបានគេដឹងថាជាមិត្តរួមអាជីពនឹងគ្នាកាលពីអតីតកាលក្នុងពេលសម្តែង ហើយបើទោះជាម្នាក់ៗបានបញ្ចប់អាជីពសិល្បៈរៀងៗខ្លួនក្តី ប៉ុន្តែទំនាក់ទំនង និង ការរាប់អានគ្នានៅបន្តដូចពីមុនដដែល ។
ទោះបីជានៅតែមានទំនាក់ទំនងរាប់អានល្អនឹងគ្នាពិតមែន ប៉ុន្តែពេលវេលានៃការបានជួបជជែកនិយាយគ្នាលេងរវាងមិត្តល្អនេះ ហាក់មិនសូវមានច្រើនដូចមុននោះឡើយ ដោយសាររវល់ប្រកបកិច្ចការងារ និង បំពេញកតាព្វកិច្ចក្នុងគ្រួសាររៀងៗខ្លួន ។ យ៉ាងណាមិញ ថ្មីៗនេះពេលវេលានៃការជួបជុំមួយបានកើតឡើងរវាងមិត្តចាស់ជាអតីតតារាសម្តែងពីររូបនេះ ដែលយើងបានឃើញតាមរយៈការបង្ហោះរបស់អតីតតារាសម្តែង សុវណ្ណ មករា ។
ការបានជួបគ្នាលើកនេះ គេបានសង្កេតឃើញជាការជួបជុំញ៉ាំអាហារជុំគ្នាមួយយ៉ាងរីករាយ ក្នុងនោះអតីតតារាសម្តែង សុវណ្ណ មករា ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយផងដែរក្នុងឱកាសនៃការបានជួបជាមួយមិត្តចាស់ដែរ ដោយលោកបានសរសេរសារបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា «ពិតជាមិនចង់ជួបតែបើបានជាជួបហើយ ច្បាស់ណាស់ពិតជាមិនចង់បែក ប្រកបដោយការគោរពហើយ និង ស្រឡាញ់ពេញបេះដូង» ។
ជាមួយគ្នានោះដែរ អតីតតារាសម្តែងជាមិត្តស្និទ្ធនឹងគ្នាកាលជំនាន់នៅសម្តែង សុវណ្ណ មករា និង ជំទាវ ស្រីតូច ចំណាន ក៏បានផ្តិតរូបភាពនៅតុអាហាររួមនឹងមិត្ត ២ រូបផ្សេងទៀត មើលទៅពិតជាបង្ហាញឱ្យឃើញពីការជួបជុំមួយដ៏រីករាយថែមទៀត ៕