ហ៊ឹកហាក់ហើយ! ចៅហ្វាយស្រុក និង អ្នកភូមិព្រះដាក់ នឹងចេញស្វាគមន៍ សាយ ពេញទំហឹងស្អែកនេះ!
ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះ ការធ្វើដំណើររបស់តារាចម្រៀង Original Song សាយ នៅក្នុងកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» នឹងបន្តធ្វើដំណើរចេញពីខេត្តសៀមរាប ទៅកាន់ខេត្តព្រះវិហារហើយ ។ ក្នុងការធ្វើដំណើរបន្តទៅកាន់ទីតាំងបន្ទាប់ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរនេះដែរ នឹងចាប់ផ្តើមនៅវេលាម៉ោង ៥:៣០ នាទីព្រឹក ដោយត្រៀមឆ្លងកាត់ភូមិស្រុកជាច្រើនក្នុងខេត្តសៀមរាប ។
ជាក់ស្តែងនៅព្រឹកស្អែកនេះ សាយ នឹងរត់ឆ្លងកាត់ភូមិព្រះដាក់ ស្រុកបន្ទាយស្រី ដែលជាតំបន់អភិវឌ្ឍន៍ និង លេចធ្លោខ្លាំងក្នុងខេត្តសៀមរាប ដែលមានលោក ឃឹម ហ្វីណង់ ជាអភិបាលស្រុក ។ មិនត្រឹមតែប៉ុណ្ណោះ បើតាមការបង្ហោះឲ្យដឹងពីអភិបាលស្រុកបន្ទាយស្រីបានឲ្យដឹងថា លោក ក្រុមយុវជន និង ប្រជាជន កំពុងតែត្រៀមខ្លួនស្វាមគមន៍ការរត់របស់ សាយ មកកាន់ភូមិស្រុកយើងផងដែរ ។
អភិបាលស្រុក ឃឹម ហ្វីណង់ បានសរសេរយ៉ាងលម្អិតថា «ដំណឹងល្អសម្រាប់អ្នកចង់ជួប Sai ចង់រត់ជាមួយ Sai ឬ ចង់ចូលរួមថវិកាដើម្បីគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ! ព្រឹកស្អែកនេះ ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ Sai នឹងរត់មកកាន់ភូមិព្រះដាក់ ស្រុកបន្ទាយស្រី ដែលជាកំណាត់ផ្លូវរត់ដ៏ស្រស់ស្អាតជាងគេមួយ ដោយឆ្លងកាត់ប្រាង្គប្រាសាទជាច្រើន អមទៅដោយម្លប់ដើមឈើធំៗនៃឧទ្យានអង្គរ មុននឹងបន្តដំណើររហូតទៅដល់ព្រំប្រទល់ជាមួយស្រុកសូទ្រនិគម ។ តោះ! រត់អមជាមួយ Sai ពីមុខព្រះអង្គចេកព្រះអង្គចមនៅក្នុងក្រុងសៀមរាបក៏បាន ឬទៅចាំជួប និង ទទួលស្វាគមន៍គាត់នៅក្នុងភូមិព្រះដាក់ក៏បាន! បានទាំងទៅលេងផង បានទាំងធ្វើរឿងដើម្បីបុព្វហេតុដ៏មានអត្ថន័យផង! » ។
លោក ឃឹម ហ្វីណង់ ក៏បានបញ្ជាក់ទៀតថា លោកក៏មានការសោកស្តាយ ដែលមិនបានរត់អមជាមួយ សាយ ពីក្រុងសៀមរាបមកកាន់ភូមិព្រះដាក់ ស្រុកបន្ទាយស្រី តែក្រុមយុវជន និង ក្រុមការងារភូមិស្រុក ក៏បានចូលរួមរត់ជាមួយ សាយ ផងដែរ ។
គួរបញ្ជាក់ថា សាយ នឹងបន្តការរត់របស់ខ្លួនដោយចាកចេញពីក្រុងសៀមរាបនៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឆ្ពោះទៅកាន់ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តកណ្តាល នឹងគ្រោងបញ្ចប់នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ ក្នុងទីក្រុងភ្នំពេញ ។
លើសពីនោះ បើតាមការឲ្យដឹងពី សាយ ប្រាប់ថា «បច្ចុប្បន្នកម្មវិធីបានរៃអង្គាសថវិកាបានប្រមាណជាង ៤០ ម៉ឺនដុល្លារហើយ ហើយនៅក្នុងចម្ងាយផ្លូវពាក់កណ្តាលទៅមុខទៀតនេះ លោកមានបំណងប្រមូលថវិកាបន្ថែមទៀតឲ្យបានដល់ ១ លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់សកម្មភាពមន្ទីរពេទ្យកុមារអង្គរ នៅក្នុងឆ្នាំ ២០២១» ៕
រូបភាព ៖ សសយក ខេត្តសៀមរាប & មន្ទីរពេទ្យកុមារអង្គរកម្ពុជា