
មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានការទម្លាយថា កំពូលតារាចម្រៀង ព្រាប សុវត្ថិ ត្រូវអ្នកមានអំណាចមួយរូប រំលោភយកដីដែលម្ដាយលោកបានទិញនៅខេត្តមណ្ឌលគីរី កាលពីឆ្នាំ ២០១៨ ។
បើតាមលោក ហេង ឡុង បានទម្លាយដំណើរដើមទងដូចតទៅថា ៖ «នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៨ ឈ្មោះ ផូ សំណាង (ជាម្តាយលោក ព្រាប សុវត្ថិ) តំណាងឱ្យលោកព្រាប សុវត្ថិ បានទិញដីពីប្រជាពលរដ្ឋម្ចាស់ដើម ចំនួន៥ ម្ចាស់ មានទំហំសរុប ជាង ១៩ ហិកតា មានទីតាំងនៅភូមិពូទ្រូ សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី (មានឯកសារកាន់កាប់របស់ម្ចាស់ដើម) ហើយក្រោយពីការទិញលក់ ម្ចាស់ដើមទាំង ៥ នាក់នោះ បានផ្ទេរសិទ្ធិកាន់កាប់ជូន លោកស្រី ផូ សំណាង ដោយមានការចុះហត្ថលេខាទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិនោះ ដោយលោកមេភូមិពូទ្រូ លោកចៅសង្កាត់សែនមនោរម្យ ហើយចុងក្រោយគឺ ដោយលោក នង ទណ្ណារី ជាអភិបាលស្រុក (មានឯកសារលិខិតផ្ទេរសិទ្ធិ) ។ ក្រោយពីការទិញលក់ រួចរាល់ហើយ លោកស្រី ផូ សំណាង បានចូលកាប់កាប់ដោយសាធារណៈ ដោយសុច្ចរិត និងបានសាងសង់របងព្រំដីផងដែរ» ។
ដោយឡែកបើតាមប្រភពដដែលបានឱ្យដឹងថា នៅថ្ងៃទី១៥ និង ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ស្រាប់តែមានអ្នកមានអំណាចមួយរូប បានបញ្ជារកូនចៅរបស់ខ្លួន ឲ្យទៅវាយកំទេចរបង និងឈូសឆាយលើដីរបស់លោកស្រី ផូ សំណាង ក្នុងបំណងរំលោភយកដីតែម្តង។
ចំពោះករណីនេះម្ដាយលោក ព្រាប សុវត្ថិ ឈ្មោះ ផូ សំណាង បានដាក់ពាក្យបណ្តឹង សុំដីការក្សាការពារ ទៅសាលាដំបូងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រួចហើយ តែរហូតមកដល់ពេលនេះ ភាគីជនរងគ្រោះ មិនទាន់បានទទួលចំណាត់ការពីសាលាដំបូង លើពាក្យបណ្តឹងសុំដីការក្សាការពារនោះនៅឡើយទេ ហើយភាគីជនរងគ្រោះក៏កំពុងពិភាក្សា និង ពិគ្រោះយោបល់ជាមួយមេធាវី និងក្រុមការងារផ្នែកច្បាប់ដើម្បីការពារ និងជួយរកយុត្តិធម៌តាមផ្លូវច្បាប់ ៕
អត្ថបទដោយ៖ បេប៊ី