ស្វែង សុជាតា សម្រេចចិត្តលះលែងប្តីជាគ្រូថ្នាំ ក្រោយរស់រងទុក្ខអស់ ៦ ឆ្នាំ
អ្នកនាង ស្វែង សុជាតា ត្រូវបានអ្នកគាំទ្រចាត់ទុកជាតារាសម្តែងដ៏មានទេពកោសល្យម្នាក់ក្នុងឧស្សាហកម្មកម្សាន្តខ្មែរ ទាំងរឿងភាគ និង រឿងដុំ ដែលតារាស្រីបានចូលរួមសម្តែងសុទ្ធតែទទួលបានការគាំទ្រខ្លាំងពីមហាជន ។
ហាក់ជោគជ័យនឹងជីវិតការងារ ប៉ុន្តែបើងាកមកមើលលើជីវិតស្នេហាគ្រួសារវិញ តារាសម្តែង ស្វែង សុជាតា ហាក់មិនសមប្រកបនោះឡើយ ដោយថ្មីៗមានដំណឹងថា តារាស្រីរូបនេះបានដាក់ពាក្យបណ្តឹងលែងលះស្វាមីក្រោយ ឈ្មោះ ថោង សុខុម ដែលអ្នកនាងធ្លាប់បាននិយាយថាជាអ្នកបានស្រោចស្រង់ជីវិតនាងឱ្យរស់កាលពីកន្លងមកនោះហើយ បន្ទាប់ពីរស់នៅមិនចុះសម្រុងនឹងគ្នារយៈពេលប្រមាណជា ៦ ឆ្នាំ និង ទទួលបានកូនម្នាក់មកនេះ ។
បើតាមបទសម្ភាសរបស់អ្នកនាង ស្វែង សុជាតា ដែលប្រាប់សារព័ត៌មានមួយកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ បានឱ្យដឹងថា អ្នកនាងអស់ការទ្រាំនឹងប្តីក្រោយនេះតទៅទៀតហើយ ព្រោះតែការធ្វើបាបអ្នកនាងទាំងផ្លូវចិត្ត និង ផ្លូវកាយ ។ ក្នុងនោះដែរ បណ្តឹងលែងលះបាន និង កំពុងដំណើរតាមផ្លូវច្បាប់ ហើយពេលខាងមុខឆាប់នេះនឹងឈានដល់ទីបញ្ចប់ ។
ក្នុងបទសម្ភាសនោះដែរ អ្នកនាង ស្វែង សុជាតា បានបញ្ជាក់ធ្ងន់ៗថា អ្នកនាងពិតជាលែងចង់រស់នៅជាមួយប្តីនោះបន្តទៀតទេ ដោយអ្នកនាងមិនបានមនុស្សដែលជួយអ្នកនាងក្នុងនាមយកមកសម្លាប់នោះទេ ពោលគឺជួយពីទីគោកហើយ យក មកបោះចោលកណ្តាលសមុទ្រ និង នៅមានរឿងរ៉ាវជាច្រើនទៀតដែលអ្នកនាងបានជួបប្រទះពេលរួមរស់ជាមួយប្តីអស់រយៈពេល ៦ ឆ្នាំមកនេះ ដូច្នេះអ្នកនាងមានតែពឹងលើផ្លូវច្បាប់ដោះស្រាយតែប៉ុណ្ណោះ ៕